Texas Chicken នឹងបិទហាងទាំងអស់នៅថៃ ក្រោយចាយពេលរកស៊ីអស់ ៩ឆ្នាំ
បាងកក ៖ ភោជនីយដ្ឋាន Fast Food ដ៏ល្បីរបស់អាមេរិក Texas Chicken បានប្រកាសថ្មីៗនេះថា ខ្លួននឹងបិទហាងទាំងអស់នៅក្នុងប្រទេសថៃ នៅត្រឹមចុងខែកញ្ញានេះ ក្រោយចំណាយពេលរកស៊ីអស់ ៩ឆ្នាំ។
ហាង Texas Chicken Thailand បានបង្ហោះសេចក្តីប្រកាសនៅលើផេក Facebook ផ្លូវការកាលពីថ្ងៃទី១៦ ខែកញ្ញាថា សាខាទាំងអស់របស់ខ្លួននឹងនៅតែបើកដំណើរការ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។
យ៉ាងណាមិញ ហាង Texas Chicken មិនបានបញ្ជាក់ហេតុផលជាក់លាក់ណាមួយ ពាក់ព័ន្ធនឹងការសម្រេចចិត្តចាកចេញពីទីផ្សារប្រទេសថៃនោះទេ។
បន្ទាប់ពីការប្រកាសនេះ អ្នកគាំទ្រហាង Texas Chicken ជាច្រើននៅទូទាំងប្រទេសថៃ បានបង្ហោះសារលើបណ្តាញសង្គម ដើម្បីបង្ហាញពីការខកចិត្ត និងការសោកស្តាយរបស់ពួកគេ។
គិតត្រឹមខែមិថុនាឆ្នាំនេះ ចំនួនហាង Texas Chicken នៅក្នុងប្រទេសថៃ បានធ្លាក់ចុះពី ១០០ហាង មកត្រឹម ៩៧ហាង នេះបើយោងតាមរបាយការណ៍របស់កាសែត Nation Thailand។
ទីផ្សារមាន់បំពងក្នុងប្រទេសថៃ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ ២៧ពាន់លានបាត ឬប្រហែល ៧៥៦លានដុល្លារអាមេរិក ក្នុងនោះហាង KFC បានកាន់កាប់ចំណែកទីផ្សារចំនួន ៩០%៕
ប្រភព : VNExpress ប្រែសម្រួលដោយ : ឈឹម ទីណា