សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២៤ឆ្នាំ នៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាតមកលើរូបសម្តេចនៅទីក្រុងសៀមរាប
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាខួបលើកទី២៤ឆ្នាំ នៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាតមកលើរូបសម្តេចនៅទីក្រុងសៀមរាប (២៤ កញ្ញា ១៩៩៨-២៤ កញ្ញា ២០២៤)។ ពិនិត្យមើលត្រឡប់ទៅក្រោយវិញ កាលពី២៤ឆ្នាំមុន សម្តេចមិនគួរមានជីវិតរស់នៅដល់សព្វថ្ងៃនេះទេ ព្រោះគ្រាប់រ៉ុកែ្កត បេ៤០មួយគ្រាប់ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តសម្តេចតែវាខុសត្រឹមតែមួយចំអាមពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។
សម្តេចតេជោ សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារសម្តេចអរព្រះគុណព្រះពិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹកដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លង មិនអាចផ្ទុះទាំង៤គ្រាប់បាន នៅពេលដែលគេបញ្ជាបាញ់សម្តេចនៅម៉ោង ៨:៥៥នាទីតាមខ្សែភ្លើងពី
ចម្ងាយ។
សម្តេចតេជោបានចោទសួរថា : ពួកគេចោទខ្ញុំថាជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកគេជាឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាតករ លាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំ និងក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។ ខ្ញុំអាចនៅសល់ពេល ១០ឆ្នាំ ២ដងឬ៣ដងទៀត ដើម្បីរារាំងនិងដាក់ ទោសពួកភេរវករទាំងនេះ។ អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ៕
ដោយ៖ពលជ័យ