វៀតណាមប្រាប់ពលរដ្ឋចាកចេញពីលីបង់បន្ទាន់
បរទេស៖ កាសែត VNepress បានចេញផ្សាយថា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងលីបង់ កាលពីថ្ងៃចន្ទ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដោយណែនាំពលរដ្ឋវៀតណាមដែលកំពុងរស់នៅ និងធ្វើការ នៅក្នុងប្រទេសលីបង់ ចាកចេញពីប្រទេសមួយនេះជាបន្ទាន់ ក្នុងបរិបទនៃជម្លោះកើនឡើង និងរីករាលដាលនៅក្នុងតំបន់ ផ្ទុះជាសង្គ្រាម។
ស្ថានទូតបានឲ្យដឹងថា សម្រាប់អ្នកដែលមិនអាចចាកចេញពីប្រទេស ដោយសារគ្រោះមហន្តរាយ ត្រូវតាមដានប្រព័ន្ធផ្សព្វផ្សាយនានាឲ្យបានញឹកញាប់, កាត់បន្ថយការប្រមូលផ្តុំនៅកន្លែងដែលមានមនុស្សច្រើន ជាដើម។ អ្នកដែលត្រូវទៅតំបន់មជ្ឈិមបូព៌ា ត្រូវបានស្ថានទូត ណែនាំឲ្យលុបចោល ឬ ផ្អាកការហោះហើរ។
ស្ថានទូតបានជំរុញពលរដ្ឋវៀតណាម ឲ្យស្វែងរកជម្រកបណ្តោះអាសន្ន នៅតំបន់សុវត្ថិភាព និងរៀបចំស្តុកស្បៀងអាហារ និងថ្នាំពេទ្យ ក្នុងករណីមានស្ថានការណ៍ កាន់តែអាក្រក់។
គួរបញ្ជាក់ថា អ៊ីស្រាអែល កាលពីពេលថ្មីៗនេះ បានប្រាប់ដល់ពលរដ្ឋលីបង់ទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីទីតាំងរបស់ពួកហេបូឡាស យ៉ាងតិច១ពាន់ម៉ែត្រ ខណៈការវាយប្រហារតាមអាកាសកំពុងកើនឡើង៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត