រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល ស្តីពីអនាគត នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក
ញ៉ូវយក៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលស្តីពីអនាគត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះចំនួន៥ រួមមាន៖ (១) ភាពកាន់តែផុយស្រួយនៃសន្តិភាព និងសន្តិសុខអន្តរជាតិ (២) តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (៣) ដំណោះស្រាយ និងហានិភ័យនៃការរីកចម្រើននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ចំពោះការអភិវឌ្ឍមនុស្សជាតិ (៤) សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍ និង (៥) សារៈសំខាន់នៃការផ្លាស់ប្តូរអភិបាលកិច្ចសកលសម្រាប់សន្តិភាព ស្ថិរភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕
ដោយ ៖ សួង ពិសិដ្ឋ