ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកកិច្ចផ្សព្វផ្សាយឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ជាជំហានមួយទៀត ដែលចាំបាច់ក្នុងការកសាងធនធានមនុស្សជាយុវជន
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ចាត់ទុកកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ជាជំហានមួយទៀត ដែលចាំបាច់ក្នុងការកសាងធនធានមនុស្សជាយុវជន ។
នេះជាការលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0) ដល់សមាជិក សមាជិកាក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ចាប់ពីឆ្នាំ២០១០ រហូតមកទល់ពេលនេះ យើងបានប្រមូលផ្ដុំ និងបានប្រែក្លាយសហភាពសហព័ន្ធយុវជនកម្ពុជាអោយទៅជាចលនាធំមួយរបស់ជាតិ ហើយយើងទាំងអស់គ្នាត្រូវហ៊ានដើរចេញពីភាពកក់ក្តៅ និងហ៊ានចូលប្រឡូកក្នុងស្ថានភាពលំបាក បញ្ហាប្រឈមផ្សេងៗ ដើម្បីសម្រេចបានជោគជ័យសំរាប់ជីវិតនាពេលអនាគត។
ដោយឡែកទាក់ទិននឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំនិតដល់យុវជន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងឱ្យចេះត្រិះរិះពិចារណា ផ្ដល់មតិយោបល់ថាតើយើងមានគោលដៅចង់ធ្វើអ្វីខ្លះចំពោះការរៀបចំទីក្រុងទីប្រជុំជន ការរៀបចំប្លង់គោល និងការងារអាទិភាពផ្សេងទៀតសម្រាប់ចូលរួមកសាងសង្គមជាតិឱ្យមានវឌ្ឍនភាពរីកចម្រើន ពីព្រោះគ្មានពេលវេលាណាដែលល្អ និងសមស្របដូចពេលនេះទៀតទេ គឺក្នុងពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ៕
ដោយ / គ្រី សម្បត្តិ