រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេស កៀហ្ស៊ីស៊ីស្ថាន

ញូវយ៉ក៖ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត លើកទី៧៩ របស់ អង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ហ្សិនប៊ែក គូឡូបេវ រដ្ឋមន្ត្រីក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។

រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ឯកឧត្តម ហ្សិនប៊ែក គូឡូបេវ បានបង្ហាញចេតនាស្វាគមន៍និស្សិតកម្ពុជាសិក្សាផ្នែក​សុខា​ភិ​បាល​នៅ​កៀហ្ស៊ីស៊ីស្ថាន​ ដោយកៀហ្ស៊ីស៊ីស្ថានមានជំនាញនិងបានទទួលនិស្សិត​មក​ពីប្រទេសជាច្រើនក្នុងវិស័យនេះ។  

នៅឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ហ្សិនប៊ែក គូឡូបេវ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងបានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំទ្វេភាគីឱ្យបានឆាប់។

សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ជាប្រទេសដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីកណ្តាល មានប្រជាជនចំនួនប្រមាណ ៧លាននាក់ និងបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា នៅឆ្នាំ១៩៩៥ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner