យុវជនបង្ហាញពីក្តីស្រឡាញ់ចូលចិត្តក្នុងការដាំដើមឈើ និងចង់ឱ្យកម្ពុជាក្លាយជាទីកន្លែងលក់កាបូនដ៏ធំជាងគេ
ភ្នំពេញ ៖ ផ្នត់គំនិតក្នុងការដាំដើមឈើ និងក៏ដូចជាការចូលរួមអភិរក្សព្រៃឈើ បានកំពុងជំរុញបេះដូងឱ្យយុវជនកម្ពុជាមួយចំនួនកាន់តែស្រឡាញ់ចូលចិត្ត ដោយពួកគេចាត់ទុកថាមិនត្រឹមតែផ្តល់នូវកំណប់មាសដែលមានតម្លៃដ៏មហាសាលនៅថ្ងៃខាងមុខទេ តែវាក៏អាចធ្វើឱ្យកម្ពុជាជាប្រទេសមួយអាចលក់កាបូនដ៏ធំអាចរកចំណូលដល់សហគមន៍មូលដ្ឋាន និងក៏ដូចជាប្រទេសជាតិផងដែរ។
តាមរយៈដើមឈើនេះដែរយុវជនមើលឃើញថាដើមឈើមិនត្រឹមតែជាជម្រកយ៉ាងត្រជាក់ត្រជំសម្រាប់មនុស្ស សត្វទេ តែដើមឈើប្រភេទខ្លះនៅហុចជាផ្លែផ្កាសម្រាប់បរិភោគដ៏ឆ្ងាញ់ពិសារថែមទៀត។ការបាន ដាំដើមឈើទោះជានៅទីណាក្តីរមែងបានប្រយោជន៍ដល់មនុស្សសត្វទាំងពួង។
យុវតី ញ៉ាំ សៀវអ៊ី រៀននៅវិទ្យាល័យកែវសីមា ដែលបានចូលរួម ក្នុងយុទ្ធនាការផ្សព្វផ្សាយ«ពន្លកបៃតង» គម្រោងរេដបូក កែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ថាដើមឈើពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់មនុស្សសត្វ។ពេលនេះកម្ពុជាកំពុងបានក្លាយជាប្រទេសលក់កាបូន ដែលជាក្តីដ៏រីករាយសម្រាប់យុវជនក្នុងការចូលរួមដាំក៏ដូចជាអភិរក្សដើមឈើ។កាលណាយើងមានដើមឈើកាន់តែច្រើន ការលក់កាបូនក៏កាន់តែបានច្រើនដែរ។
ជាយុវជនជំនាន់ថ្មីមួយរូបយុវតីរៀនថ្នាក់ទី១០រូបនេះបាននិយាយថា កញ្ញារួមជាមួយមិត្តភក្តិបានយល់ពីតម្លៃដើមឈើ ហើយមិនថាថ្ងៃនេះឬថ្ងៃខាងមុខទេគឺមិនកាប់ព្រៃឈើ និងសម្លាប់សត្វព្រៃជាដាច់ខាត។
បង្ហាញពីការស្រឡាញ់ដើមឈើ និងក៏ដូចជាចង់ឱ្យយុវជនដទៃទ់ៀតចូលរួមដាំដើមឈើ និងអភិរក្សដើមឈើយុវតី ធឿន ធាយាន រៀននៅវិទ្យាល័យកែវសីមានេះដូចគ្នាបានប្រាប់ឱ្យដឹងដែរថា៖ដើមឈើផ្តល់នូវផលប្រយោជន៍លើសលប់ដល់មនុស្សសត្វ។ហេតុនេះកិច្ចការពារ អភិរក្ស ក៏ដូចជាការចូលរួមដាំ និងរួមទាំងការថែទាំគឺជាកិច្ចការសំខាន់ដែលយុវជនជំនាន់ក្រោយត្រូវចូលរួមឱ្យបានគ្រប់គ្នា។
លោក ឆែ ឈឿនមន្រ្តីឧទ្យានុរក្សប្រចាំនៅដែនជម្រកសត្វព្រៃកែវសីមា បានប្រាប់ថា៖កិច្ចការពារព្រៃឈើមិនត្រឹមតែផ្តល់នូវជម្រកសត្វព្រៃ ទេ តែវាកំពុងបានក្លាយជាទីផ្សារលក់កាបូនមួយសម្រាប់កម្ពុជា។ក្រុមមន្រ្តីឧទ្យានុរក្សតែងរួមគ្នាការពារព្រៃឈើទាំងយប់ថ្ងៃសំដៅរក្សាព្រៃឈើឱ្យខានតែបាន។ជាមួយគ្នានេះមន្រ្តីឧទ្យានុរក្សកំពុងតែអនុវត្តច្បាប់ ពោលគឺបើមានបទល្មើសប៉ុន្មានត្រូវបង្រ្កាបទាំងអស់មិនលើកលែងជាដាច់ខាត។
លោក នេត្រ វិបុល នាយករង អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា៖តាមរយៈកិច្ចសហការជាមួយក្រសួងបរិស្ថានចាប់តាំងពីឆ្នាំ២០១៤មកពីគម្រោងរេតបូក(REDD+)ដែលមានក្រសួងបរិស្ថានជាម្ចាស់គម្រោង និងអង្កការ WCSជាដៃគូបច្ចេកទេសបានឈានទៅបង្កើតគម្រោងរេដបូក កែវសីមាដោយបានលក់កាបូនដល់ក្រុមហ៊ុនសហរដ្ឋអាមេរិក។ដោយក្នុងនេះថវិការដែលបានលក់ពីកាបូនមួយផ្នែកយកមកធ្វើការអភិវឌ្ឍន៍ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមសហគមន៍ ពង្រឹងទៅលើការអនុវត្តច្បាប់ក្នុងនៃការចុះល្បាតរបស់មន្រ្តីឧទ្យានុរក្ស និងមួយផ្នែកទៀតចូលរួមកសាងសមត្ថភាពមន្រ្តីដើម្បីចូលរួមកិច្ចការពារ ក៏ដូចជាអភិរក្សដែនជម្រកសត្វព្រៃកែវសីមាឱ្យមានិរន្តភាពជាដើម ។
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានឱ្យដឹងថា៖បច្ចុប្បន្ននេះកម្ពុជាមានគម្រោងរេដបូក (REDD+)ចំនួន២គឺនៅកែវសីមា និងតំបន់ជួរភ្នំក្រវាញ់ខាងត្បូង។សម្រាប់ឆ្នាំក្រោយកម្ពុជានឹងពង្រីកចំនួន២ទៀតគឺនៅដែនជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ។ ក្រៅពីនេះកម្ពុជា ក៏កំពុងអនុវត្តគម្រោងយន្តការកាបូនរួមជាមួយជប៉ុននៅព្រៃឡង់ផងដែរ។កម្ពុជាមានគម្រោងចំនួន៥ សម្រាប់កំពុងដំណើរនិងក៏ដូចជាកំពុងលក់កាបូននេះ ។
គួររំលឹកតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន គឺចង់សម្រេចបាននូវសេចក្តីប្រាថ្នាដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន ដែលមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០។
ដោយឡែកក្នុងយុទ្ធនាការ «ពន្លកបៃតង» គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានបន្តចែកកូនឈើសរុបចំនួន ២៣៣ ២៧៩ ដើម ក្នុងនោះកូនត្នោតចំនួន ២៩ ៤៩៩ ដើម កូនឈើព្រៃ ១៩៣ ៧០៩ ដើម និងកូនឈើហូបផ្លែចំនួន ១០ ០៧១ ដើម។ ដោយឡែកក្នុងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន សៀមរាប និងខេត្តមណ្ឌលគិរី បានផ្តល់កូនឈើសរុបចំនួន ៤៧០ ដើម ជូនអាជ្ញាធរ និងប្រជាពលរដ្ឋដាំនៅតាមមូលដ្ឋាន៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោកពុធសុខជា លោក សែម បូរិន