ឯកឧត្ដម ឃួង ស្រេង ៖ មានបង្គោលព្រំដែន បានន័យថា ប្រទេសមានប្លង់រឹង ដូច្នេះប្រទេសជិតខាងមិនអាចរំលោភបានទេ
មណ្ឌលគីរី៖ ការខិតខំប្រឹងប្រែងបោះបង្គោលព្រំដែន បានន័យថាប្រទេសមានប្លង់រឹង ដូចផ្ទះយើង ដីយើង មានប្លង់រឹង អញ្ចឹងមិនអាចរំលោភបានទៀតទេ នៅពេលយើង មាន បង្គោលព្រំដែនពិតប្រាកដ ។ នេះជាមោទនៈភាពរបស់ជាតិខ្មែរ ដែលបានបាត់បង់សន្តិភាពជាង ៥០០ឆ្នាំកន្លងមក។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ រក្សាសន្តិភាពអោយបានគង់វង់ ដើម្បីអោយកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ការលើកឡើងបែបនេះរបស់ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ខណៈឯកឧត្ដមនិងលោកជំទាវដឹកនាំមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញចុះធ្វើទស្សនកិច្ចនៅបង្គោលដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវ សីម៉ា ខេត្តមណ្ឌលគីរី ពោលគឺក្រោយឯកឧត្ដមនិងលោកជំទាវបានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។
ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមអោយប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែននៃខេត្តទាំង៤ និងតំបន់ផ្សេងទៀតនឹងទទួលបាននូវការអភិវឌ្ឍរីកចំរើនដូចគ្នា។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការចុះមកពិនិត្យមើលបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេនេះ គឺក្នុងគោលបំណងដើម្បីអោយមន្ត្រីទាំងអស់បានឃើញពីស្ថានភាពព្រំដែន ពិតប្រាកដ គឺមិនមានការរំកិលឬរំលោភយកដី ដូចការញុះញុងពីក្រុមជ្រុលនិយមឡើយ ។ ក្រោយពីបានឃើញពីស្ថានភាពពិតជាក់ស្តែងហើយ សូមបងប្អូនយកទៅផ្សព្វផ្សាយតគ្នា ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ថាព្រំដែនកម្ពុជា ត្រូវបានថែទាំយ៉ាងគត់មត់ បូរណៈភាពទឹកដី ត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ក្នុងការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី។
នេះជាសារមួយ សូមផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ និយាយដោយឡែក ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ តែបើនិយាយជារួម សូមឱ្យប្រជាពលរដ្ឋ នៅក្នុងកម្ពុជា មានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី គឺសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជានីតិការទី៧ នៃរដ្ឋសភា ដែលបន្តដឹកនាំដោយសម្ដេចធិបតី បានថែទាំយ៉ាងគត់មត់ នៅទឹកដី និងបូរណាភាពទឹកដី ដោយចាប់ពីថ្ងៃរំដោះ ៧មករា រហូតដល់បច្ចុប្បន្ននេះ ទឹកដីកម្ពុជា មិនទាន់បាត់មួយមីលីម៉ែត្រណាឡើយ។
ឯកឧត្ដមបន្តថា សម្តេចទាំងទ្វេ បានដកអាវុធចេញពីសត្រូវ ធ្វើកិច្ចការងារដោយជំហ៊ាន បោះទៅមុខ ក្នុងការអភិវឌ្ឍជូនជាតិមាតុភូមិ មិនទុកឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ណា មួយ ដាច់ឯកកោដោយមិនមានការអភិវឌ្ឍនោះទេ សុំមានការជឿជាក់និងខិតខំប្រឹងប្រែ ងទាំងអស់គ្នា។អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមចិត្តតែមួយ ឯកភាព ជាឯកច្ឆ័នការពារឱ្យខានតែបាន នូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ សន្តិភាពជាតម្លៃ សារវន្ត ដែលមិនអាចបាត់បង់បានទេចង់បានការអភិវឌ្ឍ ត្រូវថែទាំសន្តិភាពនេះឱ្យ បានរឹងមាំ ស្ថិតថេ ទៅថ្ងៃអនាគត ដើម្បីយុវជនរបស់យើង ស្គាល់នូវភាពសុខសាន្ត និងការរីកចម្រើន ៕
ដោយ ៖ ហេង សម្បត្តិ