រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-Asean EXPO Tuorism Exhibition លើកទី១០ នៅទីក្រុង Guilin ខេត្ត Guangxi សាធារណៈរដ្ឋប្រជាមានិតចិន
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់គណៈកម្មការពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន (CAEXPO Tourism Exhibition) នៅថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំ ប្រតិភូក្រសួងទេសចរណ៍ ទៅចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ឆ្នាំ២០២៤ ក្រោមប្រធានបទ “សមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ” នៅទីក្រុងគួយលីន ខេត្តក្វាងស៊ី (GuangXi) សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) ឯកឧត្តមរដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ស្តីអំពីវឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជា ការបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” ជាពិសេសដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ។
ព័រណ៍ទេសចរណ៍ចិន-អាស៊ាន ឆ្នាំ២០២៤ នឹងមានការចូលរួមពីបណ្តាក្រុមហ៊ុននានាចំនួនជាង ១៣០០ស្តង់ អ្នកទិញ និងអ្នកលក់ (Buyers & Sellers) ចំនួន ៥០០នាក់ សារព័ត៌មានចំនួន ១០០នាក់ មកពីប្រទេសក្នុងតំបន់ អាស៊ាន និងអ្នកទស្សនាជាង ១០០០០នាក់។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏គ្រោងនឹងទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ខេត្ត Guangxi និងប្រធានក្រុមហ៊ុន HAINAN TOURISM GROUP តំណាងទេសចរណ៍កម្ពុជាប្រចាំនៅទីក្រុង ប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុងហៃណាន ព្រមទាំងក្រុមហ៊ុនទេសចរណ៍ចិនធំៗដែលមានសក្តានុពលផងដែរ ៕
ដោយ ៖ ហេង សម្បត្តិ