ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ចំខួបអនុស្សាវរីយ៍ លើកទី៣១ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ
(ភ្នំពេញ)៖ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធី និងកាត់ខ្សែបូសម្ពោធវិមាន រដ្ឋធម្មនុញ្ញ ដែលមានទីតាំងនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំខួបអនុស្សាវរីយ៍ លើកទី៣១ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤) នៃទិវាប្រកាសរដ្ឋធម្មនុញ្ញផងដែរ ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ុម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើរបាយការណ៍ អំពីទស្សនាទាន និងដំណើរការស្ថាបនា វិមានរដ្ឋធម្មនុញ្ញ ដែលជាបូជនីយដ្ឋានតំណាងរដ្ឋធម្មនុញ្ញ នៃជាតិយើង ជាសំណង់និមិត្តរូប នៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ ដ៏វិសេសវិសាលមួយ កសាងឡើងក្នុង សម័យកាលដ៏រុងរឿង ក្រោមដំបូលនៃសុខសន្តិភាព។
ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែក នៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារ នៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង ១៖ ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប និង ២៖ ស្ថាបត្យកម្មខ្មែរបុរាណ សម្ដែងនូវនិមិត្តរូប នៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុក ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា កាលពីឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំ ដ៏អធិកអធមជាប្រវត្តិសាស្ត្រ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ហើយនៅថ្ងៃនេះ ត្រូវជាខួប ៣១ឆ្នាំ ដែលប្រជាជាតិយើងកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមាន រដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរមានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិយើង ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ជាសច្ចធម៌ មិនអាចប្រកែកបាន រយៈពេលជាង ៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ប្រកបដោយភាពបមិនប្រសប់ ឈ្លាសវៃដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឲ្យប្រទេសជាតិ បានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿង – ដូចបច្ចុប្បន្ន ។
ព្រះករុណា មានព្រះបន្ទូលទៀតថា សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍ ប្រកបដោយភាពអង់អាចស្វាហាប់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកាលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស ។ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសមាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី ៖ យើងប្រជារាស្ត្រខ្មែរ រូបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគត រុងរឿងនៃប្រជាជាតិយើង ។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបញ្ជាក់ថា អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអត្ថិភាព និងស្ថិរភាពជាងបីទសវត្សរ៍ ជារយៈពេលមួយវែងក្នុងប្រវត្តិរដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធានាបានភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ ដូច្នេះជាពេលវេលាសមស្របដែលត្រូវមាន វិមានរដ្ឋធម្មនុញ្ញ សម្រាប់ឱ្យខេមរជនក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ដឹងនូវគុណបំណាច់របស់ឥស្សរជនស្នេហាជាតិ ជាស្ថាបនិក និងជាប្រតិបត្តិករ នៃច្បាប់កំពូលមួយនេះ និងសូមគោរពចងចាំ អំពីក្រមសីលធម៌ និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណា សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បានឧបត្ថម្ភ គាំទ្រដល់កិច្ចកសាងវិមាននេះរហូតសម្រេចជាស្ថាពរ និងសូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តួចផ្តើមគំនិត, បង្កើតទស្សនាទាន, និងដឹកនាំការកសាងវិមានរដ្ឋ ធម្មនុញ្ញ ដ៏ពិសិដ្ឋនេះឡើង នៅលើទីតាំងប្រកបដោយជយភូមិ ដែលជាសំណង់បេតិកភណ្ឌជាតិ ដ៏វិសេសវិសាលនេះ បានបង្ហាញឱ្យឃើញអំពីតំណភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងអតីតកាល ដ៏ថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរដែលធ្លាប់មានអរិយធម៌ឧត្តុង្គឧត្តម, កិត្យានុភាពខ្ពង់ខ្ពស់ តាំងពីបុរាណកាលរៀងមក ។ សូមកោតសរសើរបណ្ឌិតជាស្ថាបត្យករ, នីតិបញ្ញវន្ត, វរសិល្បករ និងក្រុមជាងគ្រប់ផ្នែកទាំងឡាយ ដែលបានរួមចំណែកក្នុងដំណើរការកសាង វិមានរដ្ឋធម្មនុញ្ញ នេះ រហូតទទួលបានសមិទ្ធផលដ៏ល្អស្កឹមស្កៃនេះឡើង ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពសិដ្ឋ