ពិធីសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ នាព្រឹកថ្ងៃ ចន្ទ ៦ រោច ខែ ភទ្របទ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤, នៅសាលាជាតិគយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក (World Customs Organization “WCO” Asia/Pacific Regional Training Centre-RTC AP)” និងមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវជាសមាជិក សមាជិកានៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោក (Regional Offices of CapacityBuilding “ROCB” AP), តំណាងរដ្ឋបាលគយមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងដៃគូអភិវឌ្ឍន៍នានា, វិស័យឯកជន និងភ្ញៀវកិត្តិ យ សជាតិនិងអន្តរជាតិ ពាក់ព័ន្ធ ។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជម្រាបជូនអង្គពិធីអំពីសាវតារ និងវឌ្ឍនភាពការងាររបស់សាលាជាតិគយនាពេលកន្លងមក ។ សាលាជាតិគយ ត្រូវ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាព ដ៏ខ្ពង់ ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ។

ក្រោយពីដំណើរការបានរយៈពេល ជាងពីរឆ្នាំ , បន្ទាប់ពីអគ្គនាយកដ្ឋានគយនិង រដ្ឋាករ កម្ពុជា និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការបង្កើតមជ្ឈមណ្ឌលបណ្តុះ-បណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា” នាកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី ១៤៣/១៤៤ នាថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីក្រុង ព្រុចសែល ប្រទេសបែលហ្ស៊ិក, សាលាជាតិគយ ត្រូវបានទទួលស្គាល់ជា “មជ្ឈមណ្ឌល បណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី ១១” របស់អង្គការគយពិភពលោក “WCO” ។ នាឱកាសនោះដែរ, លោក Ricardo Treviñoអគ្គលេខាធិការរង នៃអង្គការគយពិភពលោក បានថ្លែងអបអរសាទរ និងរំពឹងថាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីប្រចាំតំបន់នេះ នឹងដើរតួនាទី យ៉ាងសំខាន់ក្នុងសកម្មភាពបណ្ដុះបណ្ដាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗរបស់អង្គការគយពិភពលោក ។

ថ្លែងក្នុងពិធីសម្ពោធនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា “មជ្ឈ- មណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់”នេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់រដ្ឋបាលគយកម្ពុជា និងជា មោទនភាពរបស់ប្រទេសកម្ពុជា ក្នុងការរួមចំណែកជាមួយអង្គការគយពិភពលោកតាមរយៈការអភិវឌ្ឍជំនាញ ពង្រឹងសមត្ថភាព និងចំណេះដឹង ដល់រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយក្នុងតំបន់ ដែលជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការទទួលស្គាល់សាលាជាតិគយ ជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក” របស់ WCO នាឱកាសនេះ នឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្លាស់ប្តូរចំណេះដឹង, ចំណេះធ្វើ និងបទពិសោធលើជំនាញ បច្ចេកទេស និងកិច្ចការរបស់រដ្ឋបាលគយ ប្រកបដោយប្រសិទ្ធភាព និងចីរភាព, មិនត្រឹមតែក្នុងចំណោមមន្ត្រីគយនិងរដ្ឋាករកម្ពុជា និងបុគ្គលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងក្នុងចំណោមបណ្តាមន្ត្រីគយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ផងដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏មានតម្លៃសម្រាប់សាលាជាតិគយយកទៅអនុវត្តរួមមាន៖ (១)សាលាជាតិគយ ត្រូវបន្តកសាងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលជំនាញគយផ្សេងៗ ក្នុងគោលបំណងបង្កើនបរិមាណអ្នកជំនាញការគយដែលទទួលស្គាល់ដោយ WCO (WCO-accredited experts) នៅរដ្ឋបាលគយកម្ពុជា, (២)សាលាជាតិគយ, ក្នុងនាមជា “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក”, ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យពាក់ព័ន្ធ ដើម្បីអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែងស្របតាមនិន្នាការនៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ, (៣)សាលាជាតិគយ ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនិងត្រូវមានគំនិតផ្តួចផ្តើមនិងចូលរួមយ៉ាងសកម្មលើសកម្មភាពកសាងសមត្ថភាពរបស់អង្គការគយពិភពលោក, និង (៤)សាលាជាតិគយ គួរកំណត់ចក្ខុវិស័យអភិវឌ្ឍខ្លួនបន្ថែមទៀតដើម្បីក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាពក្នុងវិស័យគយ (អាចរាប់បញ្ចូលការបង្កើតមន្ទីរពិសោធន៍គយ ជាដើម) ។

ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរ និងការចូលរួមអបអរសាទរចំពោះសមិទ្ធផល និងស្នាដៃទាំងឡាយ ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រេចបាន នាពេលកន្លងទៅ តាមរយៈការខិតខំអស់ពីកម្លាំងកាយ-ចិត្ត,ប្រាជ្ញា-ស្មារតី និងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីគយនិងរដ្ឋាករនៅទូទាំងប្រទេស ក្រោមការដឹកនាំដ៏ល្អរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាជាតិគយ ព្រមទាំងបានថ្លែងអំណរគុណដល់អង្គការគយពិភពលោក និង ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែល តែងផ្តល់ការគាំទ្រជាបន្តបន្ទាប់ ។

ជាកិច្ចបញ្ចប់នៃអង្គពិធី, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជូនពរដល់អង្គពិធីទាំងមូល និងបានចុចប៊ូតុងប្រកាសដាក់ឱ្យដំណើរការនូវ “មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកទី ១១” និងបានចុះហត្ថលេខាលើក្រាំងមាសទុកជាសក្ខីភាពនៃព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ ។

បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ, នៅថ្ងៃដដែលនេះ RTC AP ក៏បានទទួលរៀបចំសិក្ខាសាលា ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់WCO លើកទី១ នៃគម្រោងស្តីពីការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្រោមកិច្ចសហការ និងឧបត្ថម្ភរបស់កងកម្លាំងការពារព្រំដែនអូស្ត្រាលី (Australian Border Force-ABF) គាំទ្រដល់ WCO។ សិក្ខាសាលានេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ និងមានការអញ្ជើញចូលរួមពីសិក្ខាកាមចំនួន ៤៥ រូប មកពី ២៦ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងចែករំលែកចំណេះដឹងពាក់ព័ន្ធការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិក្រោមការត្រួតពិនិត្យរបស់គយ ប្រកបដោយភាពធន់ និងមានប្រសិទ្ធភាពជាងមុន ៕

ប្រភព ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner