ចិនជំរុញឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីស្រាអែលជាបន្ទាន់
ប៉េកាំង៖ រដ្ឋាភិបាលចិនបានជំរុញពលរដ្ឋរបស់ខ្លួននៅអ៊ីស្រាអែល ឱ្យចាកចេញពីប្រទេសនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រទេសចិនបានអំពាវនាវឱ្យប្រជាជនខ្លួននៅអ៊ីស្រាអែល ឱ្យចាកចេញពីប្រទេសនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah នៅលីបង់ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកកាន់តែរីកធំឡើង។
ស្ថានទូតចិនប្រចាំនៅអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ននេះ ស្ថានភាពនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ មានភាពតានតឹងខ្លាំង ដោយសារមានជម្លោះយោធាជាញឹកញាប់។
សេចក្តីថ្លែងការណ៍បន្ថែមថា ស្ថានភាពសន្តិសុខក្នុងប្រទេសអ៊ីស្រាអែលនៅតែធ្ងន់ធ្ងរ ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដូច្នេះស្ថានទូតជំរុញពលរដ្ឋចិនក្នុងប្រទេសអ៊ីស្រាអែលឱ្យត្រឡប់ទៅផ្ទះវិញ ឬផ្លាស់ទីទៅកាន់តំបន់មានសុវត្ថិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រទេសចិនកាលពីខែមុន ក៏បានស្នើឱ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសលីបង់ចាកចេញបន្ទាន់ផងដែរ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសនេះ បានសម្លាប់ពួកសកម្មប្រយុទ្ធជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់។
អ៊ីស្រាអែល និងក្រុមHezbollah បានព្រមានកាលពីថ្ងៃអាទិត្យ អំពីការបង្កើនការវាយប្រហារឆ្លងព្រំដែនរបស់ពួកគេ បើទោះបីជាមានការអំពាវនាវជាអន្តរជាតិ ឱ្យភាគីទាំងពីរដើរថយក្រោយពីគែមនៃសង្គ្រាមក៏ដោយ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា