Coca-Cola ចាយទុន ១ពាន់លានដុល្លាររកស៊ីនៅនីហ្សេរីយ៉ា
ឡាហ្គោស៖ ក្រុមហ៊ុន Coca-Cola នឹងបោះទុន ១ពាន់លានដុល្លារ ដើម្បីវិនិយោគរកប្រាក់ចំណេញនៅក្នុងប្រទេសនីហ្សេរីយ៉ាក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ក្រុមហ៊ុន Coca-Cola នឹងវិនិយោគរហូតដល់ ១ពាន់លានដុល្លារនៅនីហ្សេរីយ៉ាក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
មូលហេតុដែល Coca-Cola សម្រេចចិត្តបោះទុនរកស៊ីនៅនីហ្សេរីយ៉ា គឺដោយសារតែក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពនេះ មើលឃើញការរីកចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ច ចំពេលដែលប្រទេសអាហ្វ្រិកខាងលិចមួយនេះ កំពុងព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ។
ក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគខ្ទង់ពាន់លានដុល្លារនេះ នឹងផ្តល់ការគាំទ្រដល់ខ្សែសង្វាក់តម្លៃរបស់ខ្លួន រួមទាំង អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកលក់រាយ និងអ្នកកែច្នៃឡើងវិញ។
អាជីវកម្មរបស់ Coca-Cola នៅក្នុងប្រទេស នីហ្សេរីយ៉ា គឺ Bottling Company ត្រូវបានចុះបញ្ជីនៅឆ្នាំ ១៩៥១។ ហើយនៅឆ្នាំ ២០១៩ ខ្លួនបានទិញក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក Chi Limited នៅនីហ្សេរីយ៉ា បន្ទាប់ពីលើកដំបូងបានទិញភាគហ៊ុន ៤០ភាគរយក្នុងតម្លៃ ២៤០លានដុល្លារក្នុងឆ្នាំ ២០១៦៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា