ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី Asia-Pacific Digital Talent Summit 2024 នៅសាធារណរដ្ឋប្រជាមានិតចិន
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមកម្មវិធី Asia-Pacific Digital Talent Summit 2024 ចាប់ពីថ្ងៃទី២១-២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អង្គទូតបរទេស និងអង្គការអន្តរជាតិ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ មូលនិធិអាស៊ាន (ASEAN Foundation) និងក្រុមហ៊ុន Huawei Asia Pacific ក្នុងគោលបំណងជំរុញការបណ្ដុះទេពកោសល្យ និងកសាងធនធានមនុស្សឌីជីថល នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងអបអរសាទរនិសិ្សតជ័យលាភីនៅក្នុងកម្មវិធីគ្រាប់ពូជដើម្បីអនាគត (Seeds For The Future 2024) និងកម្មវិធីទេពកោសល្យឌីជីថលឆ្នាំ២០២៤ (Digital Talent Program 2024)។ កម្មវិធីនេះមានការចូលរួមពីនិស្សិតចំនួន ១៣០ រូប មកពីប្រទេសចំនួន ១៩ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមាន និស្សិតជ័យលាភីកម្ពុជាចំនួន ១៣រូប មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CamTech) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំពីការអភិវឌ្ឍថ្មីៗនៃបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ាន ព្រមទាំងទស្សនកិច្ចទៅកាន់ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលសំខាន់ៗផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ