ថ្នាក់ដឹកនាំ មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តបទុមវតី
(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក្រុមគ្រួសារ ព្រមទាំងបុគ្គលិក មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញ ក្នុងពិធីកាន់បិណ្ឌវេនទី៧ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃចំនួន ៤៣២អង្គ នៅវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។
បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំ លាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាល នៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធញាតិការទាំង ៧សណ្តាន រួមមាន៖ មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញ មកទទួលយកផល្លា និសង្ឃបានគ្រប់ៗគ្នា ។
សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ។
គួររម្លឹកថា ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់ បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំ បិណ្ឌ តែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមានឱកាស ច្រើន ក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗទាំងអស់ ។
សូមជម្រាបថា សម្រាប់បច្ច័យប្រគេនសម្ដេច នន្ទ ង៉ែត និងសម្ដេច ឃឹម សន, ប្រគេនព្រះគ្រូសូត្រឆ្វេង, ប្រគេនព្រះសង្ឃ, ថវិការជូនអ្នកប្រចាំ សិស្សនិស្សិត លោកតាអាចារ្យ សន្តិសុខ និងបម្រើការងារ ក្នុងពិធីកាន់បិណ្ឌវេនទី៧ សរុបចំនូន ៨៨លាន ៧សែន ៨ម៉ឺនរៀល និងប្រគេនបច្ច័យសម្រាប់កសាងវត្ត ៥៦លាន ២សែនរៀល ។
ពិធីបុណ្យកាន់បិណ្ឌនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក្រុមគ្រួសារ ព្រមទាំងបុគ្គលិក មន្ត្រីធនាគារជាតិ នៃកម្ពុជា និងពុទ្ធបរិស័ទជិតឆ្ងាយ សូមឧទ្ទិសមហាកុសលដល់បុព្វការីជនទាំងឡាយ មានមាតាបិតាជីដូនជីតា និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ និងសាសនា ព្រមទាំងចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត