Zelensky ទៅមើលរោងចក្រគ្រាប់រំសេវនៅអាមេរិក
អាមេរិក៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងពេលបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក បានឆ្លៀតទៅទស្សនារោងចក្រគ្រាប់រំសេវ Scranton Army នៅក្នុងរដ្ឋ Pennsylvania។
លោក Zelensky ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីពន្យល់ពីផែនការរបស់ទីក្រុង Kyiv ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។ ដំណើរទស្សនកិច្ចរបស់ Zelensky ធ្វើឡើងនៅទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន ខណៈដែលលោកព្យាយាមធានា ការបន្តប្រើប្រាស់អាវុធរបស់លោកខាងលិច ប្រយុទ្ធជាមួយប្រទេសរុស្ស៊ី។
បើតាមកាសែត ABC ក្នុងពេលធ្វើទស្សនកិច្ចនៅរោងចក្រគ្រាប់រំសេវ កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីប្រទេសអ៊ុយក្រែនថ្លែងអំណរគុណដល់បុគ្គលិក ដែលកំពុងផលិតអាវុធ ដែលជាតម្រូវការចាំបាច់បំផុត សម្រាប់ប្រទេសរបស់លោក យកទៅទប់ទល់នឹងកងកម្លាំងជើងគោករុស្ស៊ី។
រោងចក្រ Scranton គឺជាទីតាំងផលិតគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ ហើយបានបង្កើនផលិតកម្ម ក្នុងរយៈពេលមួយឆ្នាំកន្លងមក។ អ៊ុយក្រែនបានទទួលកាំភ្លើងធំប្រភេទនេះ ចំនួន៣លានគ្រឿង រួចមកហើយ ពីសហរដ្ឋអាមេរិក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត