ជនជាតិដើមពូនង នៅកែសីមា នៅតែរក្សាភាសា និងទំនៀមទម្លាប់ប្រពៃណីយ៉ាងខ្ជាប់ខ្ជួន

(មណ្ឌលគិរី)៖ នៅតាមផ្ទះជាលក្ខណៈតូចៗសង់បែបឈើ និងខ្លះជាថ្មបែបសម័យទំនើបផងដែរ ជនជាតិដើមព្នងឬពូនងរស់នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នៅតែអាចរក្សាភាសានិយាយរបស់ខ្លួនយ៉ាងល្អ ហើយពិសេសជាងនេះទាំងការរស់នៅនិង ការប្រតិបត្តិពីទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌នៅតែប្រកាន់យ៉ាងខ្ចាប់ខ្ជួន ដែលហាក់ពុំមានអ្វីប្រែប្រួលខ្លាំងឡើយ ។

នៅតាមផ្ទះនីមួយៗគេឃើញបងប្អូនជនជាតិដើមភាគតិចទាំងនេះទាំងចាស់ក្មេងអាចនិយាយភាសាពូនងបានយ៉ាងស្ទាត់ជំនាញដែលយើងមិនអាចស្តាប់បាន។មិនថាចាស់ៗទេសូម្បីតែក្មេងតូចៗក៏អាចនិយាយភាសាជនជាតិរបស់គេឆ្លើយឆ្លងគ្នាយ៉ាងសប្បាយរីករាយផងដែរ។ក្រៅពីនិយាយភាសាពូនងក្មេងៗក៏អាចនិយាយភាសាខ្មែរបានដូចគ្នា។

ក្នុងវ័យ ៥០ប្លាយ ស្រ្តីឈ្មោះលឹក ភូអេ រស់នៅ ភូមិពូត្រុំ សង្កាត់រម្យនា ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរីបានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថាអ្នកស្រីចេះភាសាខ្មែរតិចតួចណាស់ ។ ក្នុងដើមកំណើតនៅទីនេះអ្នកស្រីពុំសូវបានចេញទៅក្រៅទេ ពោលគឺរស់នៅតែស្រុកភូមិតែប៉ុណ្ណោះ ។

កំពុងជក់បារី ដែលអមជាមួយអ្នកបកប្រែជាជំនួយផងអ្នកស្រី ភូអេ ប្រាប់ថាបច្ចុប្បន្នអ្នកស្រីរស់នៅបែបជនជាតិដែលបន្សល់ពីដូនតាមក។ គ្រួសារអ្នកស្រីតែងនិយាយតែភាសាជនជាតិដើមពូនងភាគច្រើន។

លោក សាម ក្រេះ អាយុ ៥២ឆ្នាំ រស់នៅភូមិពូត្រុំនេះដែរបានឱ្យដឹងពីជនជាតិពូនង ពួកគាត់នៅតែរក្សាទំនៀមទំលាប់តាមបែបប្រពៃណីរបស់ខ្លួននៅពេលដែលពួកគេរៀបចំពិធីអ្វីមួយនៅតាមស្រុកភូមិរបស់ខ្លួនដោយមានការបែបន់ការលាបំណន់អ្វីមួយ។

លោកថា ក្រៅពីនេះ ពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចពូនងតែងមានចាស់ទុំឬមេកន្ទ្រាញ បានកោះហៅទាំងក្មេងចាស់ប្រុសស្រីឲ្យមកប្រមូលផ្តុំគ្នា យកនំចំណី អាហារ មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង ជាដង្វាយមកសែនព្រេនដល់អ្នកតាម្ចាស់ស្រុក សុំឲ្យពរជ័យមកកូនចៅដោយទទួលបានសេចក្តីសុខ សេចក្តីចម្រើនទាំងអស់គ្នា និងសូមឲ្យរស់នៅប្រកបដោយសុខក្សេមក្សាន្ត ។

ប្រាប់ដូចគ្នានេះ អ្នកស្រី លេមកំពុងពរចៅបានឱ្យដឹងថាកូនចៅអ្នកស្រីដែលមានសមាជិកក្នុងផ្ទះជិត ១០នាក់ជាអ្នកប្រកបរបរកសិកម្ម។ ក្នុងផ្ទះសម្បែងជាទម្លាប់ គឺនិយាយជនជាតិដើមពូនងនិងសូម្បីតែចៅៗក៏ចេះនិយាយដូចគ្នាបើទោះអ្នកខ្លះបានភាសាកាន់តែច្រើនក្តី ។

អ្នកនាងច្រេង បេត ប្រធានសហគមន៍ទឹកធ្លាក់ឡែងកៅ ស្តិតនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានឱ្យដឹងថា ការគោរពទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិពូនងគឺតែខ្ជាប់ខ្ជួន ។ តាមផ្ទះនីមួយៗតែមានសម្ភារៈនិងរបស់ប្រើប្រាស់រក្សាជាជនជាតិ បើទោះបីមួយចំនួនមានប្រើសម្ភារៈទំនើបបែបថ្មីក៏ដោយ តែសម្ភារៈប្រើប្រាស់រួមទាំងសម្លៀកបំពាក់មិនបោះបង់ចោលសោះឡើយ។

គួរបញ្ជាក់ថា នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីគឺជាផ្នែកមួយនៃទឹកដីកំណើតតាំងពីដូនតារបស់ជនជាតិដើមភាគតិចព្នង (ពូនង)។ សម្រាប់ពួកគាត់ ព្រៃឈើនិងធនធានធម្មជាតិផ្សេងៗទៀតគឺជាប្រភពប្រាក់ចំណូលដ៏សំខាន់និងជាតម្លៃ ស្នូលនៃអត្តសញ្ញាណវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន ។

ក្រសួងបរិស្ថាន និង អង្គការ WCS បានកំពុងសម្របសម្រួលជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធក្នុងការចុះបញ្ជីដីកម្មសិទ្ធិ សមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ចំនួន ១៥ភូមិក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ មកដល់បច្ចុប្បន្ននេះ ភូមិចំនួន ៧បានទទួលបណ្ណកម្មសិទ្ធិដីសមូហភាព និងភូមិចំនួន ៨ទៀតស្ថិតក្រោមដំណើរការចុះបញ្ជី ។

គម្រោងបន្តពង្រឹងសមត្ថភាពគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចក្នុងការគ្រប់គ្រងដីសមូហភាព ដូចជាការធ្វើបច្ចុប្បន្នភាពសមាជិកសហគមន៍ ការរៀបចំរចនាសម្ព័ន្ធសមាជិកគណៈកម្មាធិការឡើងវិញ ការរៀន សូត្រនិងឆ្លុះបញ្ចាំងបទធិសោធន៍ និងធ្វើបច្ចុប្បន្នភាពបទបញ្ជា បទប្បញ្ញត្តិផ្ទៃក្នុង និងលក្ខខណ្ឌចូលជាសមាជិក សហគមន៍ និងការដោះស្រាយទំនាស់ ។

អង្គការ WCS កំពុងបន្តគាំទ្រសហគមន៍ឱ្យគ្រប់គ្រងដីសមូហភាពតាម រយៈការធ្វើ សារពើភណ្ឌដីសហគមន៍នៅក្នុងភូមិចំនួន៥ (ភូមិអណ្តូងក្រឡឹង ស្រែល្វី និងអូរច្រា ហ្គាទី និងពូត្រុំ) ជាព័ត៌មានមូលដ្ឋានដើម្បីបង្កើតផែនការគ្រប់គ្រងការប្រើប្រាស់ដី និងពង្រឹងការគ្រប់គ្រងដី ដែលជាភូមិមានប័ណ្ណកម្ម សិទ្ធិដីសមូហភាព ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ បូរិន ,សុខជា,រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner