ប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន នឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង
(ចិន)៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) បានជម្រាបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួន ឱ្យមកទស្សនានិងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។
ឯកឧត្តម វ៉ាង ហ៊ូនីង បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិនក្នុងរដ្ឋធានីប៉េកំាង។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម វ៉ាង ហ៊ូនីង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ និងបានសន្យារួមគ្នាថានឹងជំរុញបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគំនិតផ្តួមផ្តើមនានារបស់ភាគីចិន ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសទំាងពីរ ឱ្យចេញជាលទ្ធផលជាក់ស្តែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
សម្តេចប្រធានរដ្ឋសភាក៏បានពាំនាំនូវការនឹករឭកនិងការផ្តាំផ្ញើរ សួរសុខទុក្ខពីចម្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន ក៏ដូចជាជូនចំពោះ ឯកឧត្តម វ៉ាង ហ៊ូនីង ផ្ទាល់ផងដែរ ។
ឯកឧត្តម វ៉ាង ហ៊ូនីង ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០១៦ ក្នុងការអមដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជិនពីង ។ ឯកឧត្តមសម្តែងក្តីរីករាយចំពោះការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា ក្រោមការដឹកនាំរបស់ឥស្សរជនបន្តវេន គឺ សម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កម្ពុជានឹងរីកចម្រើនកាន់តែឆាប់រហ័ស សម្រេចបាននូវគោលដៅអភិវឌ្ឈន៍ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានបញ្ជាក់ថាក្នុងនាមមិត្តដែកថែបរបស់កម្ពុជា ចិននឹងគំាទ្រកម្ពុជានៅក្នុងដំណើរវិវឌ្ឍឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា មិត្តចិននឹងបន្តជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ជាអាទិ៍ វិស័យកសិ-ឧស្សាហកម្ម ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ។
សម្តេចប្រធានរដ្ឋភា ក៏បានជម្រាបជូនឯកឧត្តម ប្រធានសភាប្រឹក្សានយោបាយ នៃប្រជាជនចិន ពីលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេច ជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន កាលពីថ្ងៃទី២៣ ខែកញ្ញា ម្សិលមិញប្រកបដោយភាពស្និទ្ធស្នាលនិងទទួលបានលទ្ធផលជាទីមោទនៈ ៕
ដោយ ៖ ហេង សម្បត្តិ