ដែនជម្រកកែវសីមា មានតម្លៃសំខាន់ជាសកល សម្បូរទៅដោយសក្តានុពលធនធានធម្មជាតិ សត្វព្រៃ និងការលក់កាបូន
(មណ្ឌលគិរី)៖ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានចាត់ទុកជាតំបន់ការពារធម្មជាតិដែលមានតម្លៃសំខាន់ជាសកលដោយសារភាពសម្បូរបែប នៃប្រភេទធនធានជីវៈចម្រុះដែលបានរកឃើញនៅតំបន់នេះ និងបានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជា តំបន់ការពារធម្មជាតិមួយដែលមានធនធានជីវៈចម្រុះសម្បូរបែបជាងគេបំផុតក្នុងចំណោមតំបន់ការពារធម្មជាតិ ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
ដែនជម្រកសត្វព្រៃកែវសីមាគ្របដណ្តប់លើផ្ទៃដី៣១៧ ៤៥៦ហិកតាស្ថិតនៅភាគខាងកើតប្រទេសកម្ពុ ជា ដោយមួយផ្នែកធំស្ថិតក្នុងខេត្តមណ្ឌលគិរី និងមួយផ្នែកតូចស្ថិតក្នុងខេត្តក្រចេះ។តំបន់នេះស្ថិតគឺជាតំបន់ការពារធម្មជាតិមួយក្នុងចំណោមតំបន់ការពារធម្មជាតិសរុបទាំង៧៥តំបន់នៅក្នុងប្រទេសកម្ពុជា។
ដែនជម្រកសត្វព្រៃកែវសីមាមានសារសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សប្រភេទសត្វពានរ ឬវានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ដំរីអាស៊ី ប្រភេទមំសាសី និងប្រភេទសត្វស្លាប ជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ៨៥ប្រភេទជា ប្រភេទរងការគំរាមកំហែង នេះបើយោងតាមបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។
ក្រៅពីនេះដែនជម្រកសត្វព្រៃកែវសីមាគឺជាផ្នែកមួយនៃទឹកដីកំណើតតាំងពីដូនតារបស់ជនជាតិដើមភាគតិចពូនងឬព្នង។ សម្រាប់ពួកគាត់ ព្រៃឈើនិងធនធានធម្មជាតិផ្សេងៗទៀតគឺជាប្រភពប្រាក់ចំណូលដ៏សំខាន់និងជាតម្លៃ ស្នូលនៃអត្តសញ្ញាណវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន។
ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែថា៖ដើម្បីគ្រប់គ្រងធនធានធម្មជាតិនៅកែវសីមានិងតំបន់ផ្សេងៗទៀតក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការចំនួន៤គឺទីមួយអនុវត្តវិធានការច្បាប់១០០ភាគរយ និងបញ្ចប់វប្បធម៌ចរចាដោះលែង។
ក្នុងករណីប្រព្រឹត្តិបទល្មើសគឺកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោស,ទី២សហការជាមួយរដ្ឋបាលខេត្តដើម្បីគ្រប់គ្រងធនធានធម្មជាតិរួមគ្នា, ទី៣ សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងអាវុធហត្ថលើផ្ទៃប្រទេស និងកងខេរៈភូមិន្ទដើម្បីរួមគ្នាបន្ថែមទៀតលើកិច្ចការពារធនធានធម្មជាតិរបស់យើង និងទី៤ជំរុញការបណ្តុះកូនឈើដើម្បីដាំស្តារគម្របព្រៃឈើឱ្យបានច្រើនគ្រប់តំបន់ និង សហគមន៍ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
លោក នេត្រ វិបុល នាយករង អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថា អង្គការសមាគមអភិរក្សសត្វព្រៃសហការជាមួយ ក្រសួងបរិស្ថាន កំពុងអនុវត្ត គម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់និងការរេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែន ជម្រកសត្វព្រៃកែវសីមា និងសម្របសម្រួលកៀរគរថវិកាសម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីម្ចាស់ ជំនួយដូចជា USAID AFD USFWS CAMPAS UNDP MRLG – និងថវិកាគម្រោងរេដបូកកែវសីមា។
គម្រោងផ្តោតលើដំណាក់កាលទី២ (២០២១) មូលនិធិសរុប ២០០ ០០០ដុល្លារអាមេរិក ដំណាក់កាលទី៣ (២០២២) មូលនិធិ សរុប ៦០០ ០០០ដុល្លារអាមេរិក និងដំណាក់កាលទី៤ (២០២៤) ៨០០ ០០០ដុល្លារអាមេរិក។ នៅដំណាក់កាល ទី១និងទី២ សហគមន៍ភូមិនីមួយៗទទួលបានមូលនិធិស្មើៗគ្នា។ ដោយឡែក នៅដំណាក់កាលទី៣និងទី៤ ភូមិ នីមួយៗទទួលបានមូលនិធិផ្សេងៗគ្នាដោយផ្អែកលើការអនុវត្តសកម្មភាពរបស់សហគមន៍ ដើម្បីចូលរួមកាត់ បន្ថយការបាត់បង់ព្រៃឈើនៅក្នុងគម្រោង ដោយមានការវាស់វែងតាមរយៈសូចនាករចំនួន៣រួមមាន៖ (១) គម្រប ព្រៃឈើ (២) សកម្មភាពចូលរួមការពារព្រៃឈើ និង (៣) ការអភិវឌ្ឍសហគមន៍។
អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងនាកន្លងមកថាដែនជម្រកសត្វព្រៃកែវសីមាជាតំបន់ដ៏សំខាន់ដែលមានប្រភេទព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះ ព្រៃឫស្សី និងវាលស្មៅ។ ជីវៈចម្រុះនៅក្នុងតំបន់នេះមានចំនួនប្រហែល ១០០០ប្រភេទ ក្នុងនោះប្រភេទ សត្វព្រៃ១០៦ប្រភេទស្ថិតក្នុងបញ្ជីសាយតេស (CITES-listed species)៖ ប្រភេទជិតផុតពូជបំផុត៨ប្រភេទ ប្រភេទ ជិតផុតពូជ២៨ប្រភេទ ប្រភេទកំពុងទទួលរងការគំរាមកំហែងជាសកល៨៥ប្រភេទ៕
ដោយ ៖ ម៉ាដេប៉ូ,រូបភាព៖បូរិន,សុខជា,រចនា