កូរ៉េខាងត្បូងព្រមានចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងប៉េងប៉ោងសំរាមកូរ៉េខាងជើង

សេអ៊ូល៖ កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទថា ខ្លួននឹងចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ ប្រសិនបើនរណាម្នាក់ត្រូវបានសម្លាប់ដោយរលកនៃប៉េងប៉ោងផ្ទុកសំរាមរបស់កូរ៉េខាងជើង។

អគ្គសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង លោក Lee Sung-joon បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងសេអ៊ូលនឹងចាត់វិធានការយោធាយ៉ាងម៉ឺងម៉ាត់ បើសិនប៉េងប៉ោងដែលពោរពេញដោយសំរាមរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងដល់សុវត្ថិភាពកាន់តែធ្ងន់ធ្ងរ ឬត្រូវបានគេចាត់ទុកថា បានហោះឆ្លងកាត់ខ្សែបន្ទាត់។

លោក Lee បន្តថា ខ្សែបន្ទាត់នេះនឹងត្រូវបានឆ្លងកាត់ ប្រសិនបើអ្នកណាម្នាក់បានស្លាប់ដោយសារប៉េងប៉ោងផ្ទុកសំរាមរបស់កូរ៉េខាងជើង ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិត ថាតើកូរ៉េខាងត្បូងនឹងចាត់វិធានការបែបណានោះទេ។

ការព្រមាននេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបង្ហោះប៉េងប៉ោងចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានរំខានដល់ការហោះហើរនៅអាកាសយានដ្ឋាន Incheon។

ទីក្រុងព្យុងយ៉ាងបានបញ្ជូនប៉េងប៉ោងជាង ៥,៥០០ ដែលផ្ទុកដោយសំរាម កន្ទុយបារី ខោអាវចាស់ៗ ឬលាមក ចាប់តាំងពីខែឧសភាមក ដោយរំខានដល់ជើងហោះហើររបស់កូរ៉េខាងត្បូង, បង្កឱ្យមានភ្លើងឆេះ និងប៉ះពាល់ដល់អគាររដ្ឋាភិបាលនៅភាគខាងត្បូង។

ភាគច្រើននៃប៉េងប៉ោងទាំងនោះ មិនបង្កគ្រោះថ្នាក់ដល់សុខភាពជាក់លាក់ណាមួយឡើយ ប៉ុន្តែការព្រួយបារម្ភបានកើតឡើងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីឧបករណ៍ថ្មីដែលភ្ជាប់មកជាមួយប៉េងប៉ោង អាចបង្កឱ្យមានអគ្គីភ័យ។

យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានអះអាងថា យុទ្ធសាស្ត្រនេះគឺជាការឆ្លើយតបចំពោះសកម្មជនកូរ៉េខាងត្បូងដែលបញ្ជូនប៉េងប៉ោង ដែលចងភ្ជាប់ការឃោសនាចូលទៅក្នុងទឹកដីកូរ៉េខាងជើង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner