មេដឹកនាំគណបក្សនយោបាយ៖ រយៈពេល៣១ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រតិបត្តិតាមរដ្ឋធម្មនុញ្ញនិងការពារបាននូវសុខសន្តិភាព
ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយបានលើកឡើងថា ក្នុងរយៈពេល៣១ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងការពារបាននូវសុខសន្តិភាពដែលរកបានមកដោយពិបាកនេះសម្រាប់កម្ពុជា។ ទោះបីជាក្រុមជ្រុលនិយមនិងចៅហ្វាយនាយបរទេសរបស់ពួកគេ បានរៀបចំផែនការទុច្ចរឹត ប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានតាមរយៈការអនុវត្តផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូរ របបដឹកនាំមធ្យោបាយមិនប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ និងបំផ្លាញផែនការឧបាយកលទុច្ចរិតនេះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា គណបក្សធម្មាធិបតេយ្យ សូមអបអរសាទរទិវាខួប៣១ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញនេះកាលពី ៣១ឆ្នាំមុន ព្រះករុណា ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ បានឡាយព្រះហត្ថឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។ ទាក់ទិនរដ្ឋធម្មនុញ្ញនេះ បានធ្វើឱ្យនឹកឃើញឡើងវិញនៅស្នាព្រះហត្ថព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន លោកទាំងពីរបានដឹកនាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១ ដែលបានបញ្ចប់សង្គ្រាមនៅកម្ពុជា។ លោកជំទាវបន្តថា ស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានដាក់បញ្ចូលបង្កើតជារដ្ឋធម្មនុញ្ញថ្មីដែលជារដ្ឋធម្មនុញ្ញតែមួយគត់ នៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច ប្រកាន់នៅរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានរាជរដ្ឋាភិបាលប្រតិបត្តិតាមគិតមកដល់ពេលនេះ ៧អាណត្តិ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ រក្សាសន្តិភាព ទោះបីជាមានពួកប្រឆាំងជ្រុលនិយមដែលមានបរទេសជាមេក្លោងបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់យ៉ាងណាក៏ដោយ។
ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានមានប្រសាសន៍ថា ធម្មនុញ្ញសន្តិភាពកម្ពុជាគិតត្រឹមពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៤នេះ គឺមានអាយុកាល៣១ឆ្នាំមកហើយ ដែលកម្ពុជាបានគោរពប្រតិបត្តិរដ្ឋមនុញ្ញអនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនារបស់ខ្លួន អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋទាំងអស់ប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ឋសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។ កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ កម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ នៅក្នុងចំណុចនេះធម្មនុញ្ញកម្ពុជាបានសង្កត់ធ្ងន់ គឺកម្ពុជាយើងមិនឈ្លានពានប្រទេសណាជាដាច់ខាត កម្ពុជាមិនជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងនៃប្រទេសដទៃណាឡើយ។ឯកឧត្តមបន្តថា សម្រាប់ធម្មនុញ្ញកម្ពុជាចាត់ទុកបានថា ជារដ្ឋមនុញ្ញសន្តិភាព គិតចាប់ពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៤នេះ មានអាយុកាល៣០ឆ្នាំ ដែលកម្ពុជាមិនធ្លាប់មានព្រោះច្បាប់កំពូលរបស់រដ្ឋមួយនេះ គឺកម្ពុជាមិនដែលមានរដ្ឋមនុញ្ញសន្តិភាពយូរអង្វែងនោះទេ កម្ពុជាជួបវិបត្តិសង្គ្រាមគ្មានពេលសន្តិភាពដូច្នេះកម្ពុជាត្រូវការសន្តិភាពនិងការអភិវឌ្ឍជាការពិតណាស់ធម្មនុញ្ញសន្តិភាពនេះ ដែលជាច្បាប់កំពូលនេះ វាជាការចូលរួមចំណែកមិនអាចប្រកែកបានក្រោមសមិទ្ធផលនាំមកមាគ៌ាសន្តិភាពរបស់សម្តេចតាជោ ហ៊ុន សែន រហូតឈានដល់ការបង្រួបបង្រួមជាតិឯកភាពជាតិតែមួយ លើកលែងតែក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលបំភ្លើសបំផ្លៃញុះញុងលាបពណ៌ ចិញ្ចឹមចិត្តធ្វើបដិវត្តន៍ពណ៌ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ក្នុងចេតនាបំផ្លាញសន្តិភាពផ្ទៃក្នុងកម្ពុជាតែប៉ុណ្ណោះ។
ដោយឡែក ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ការបង្កើតច្បាប់រដ្ឋធម្មនុញ្ញនេះឡើង គឺជាការកំណត់ទិសដៅ ក៏ដូចជាការរួបរួមគ្នាពង្រឹងឯកភាពជាតិ និងការកសាងប្រទេសដើម្បីឆ្ពោះទៅរកសុខសន្តិភាពដោយផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ព្រមទាំងការការពារនៅទឹកដីរបស់ខ្លួននិងការទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ។ ជាពិសេសទៅទៀត គឺការគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់តែម្តង។ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបញ្ជាក់ថា “ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺទទួលបានសុខសន្តិភាពយ៉ាងពេញលេញដោយសារការដើរតាម ក៏ដូចជាគោរពនៅច្បាប់រដ្ឋធម្មនុញ្ញនេះដែរ។ ជាពិសេសទៅទៀតនោះ ការលះបង់ដ៏ធំធេងដើម្បីរំដោះប្រទេសរបស់ខ្លួនឲ្យរួចផុតពីរបបដ៏ខ្មៅងងឹត គឺជាការលះបង់ជីវិត នឹងការលះបង់សេចក្តីសុខចាកចេញពីក្រុមគ្រួសារ គឺសម្តេចតេជោ ហ៊ុន សែន តែម្តង ដែលហ៊ានបូជាជីវិតដើម្បីដណ្តើមយកជ័យជម្នះ ក៏ដូចជាសេរីភាពជូនដល់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ។ ទើបប្រទេសអាចមានសុខសន្តិភាពហើយទើបឈានមកដល់ការបង្កើតឱ្យមានច្បាប់រដ្ឋធម្មនុញ្ញនេះឡើង។ បើពុំមានការបញ្ចប់នៅសង្គ្រាមស៊ីវិលនោះទេ ក៏ពុំមានការបង្កើតឱ្យមានច្បាប់រដ្ឋធម្មនុញ្ញនេះដែរ”។ ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានបន្តទៀតថា ច្បាប់រដ្ឋធម្មនុញ្ញបានបង្កើតតាំងពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ននេះ គឺមានអាយុកាល៣១ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលបានដង្ហែរតាមច្បាប់រដ្ឋធម្មនុញ្ញដោយពុំមានងាករេឡើយ។ ច្បាប់រដ្ឋធម្មនុញ្ញនេះ គឺជាច្បាប់កំពូលរបស់រដ្ឋ មិនថាអ្នកនយោបាយ ឬមួយក៏ប្រជាពលរដ្ឋសិស្សានុសិស្ស បញ្ញវន្ត បណ្ឌិតនោះទេ ត្រូវតែគោរព និងដើរតាមច្បាប់រដ្ឋធម្មនុញ្ញនេះតែម្តង។ ដូច្នេះច្បាប់រដ្ឋធម្មនុញ្ញនេះ មានសារប្រយោជន៍ធំធេងណាស់ដែលមិនអាចកាត់ថ្លៃបាន។ ប្រទេសមួយបើគ្មានច្បាប់មួយជាគ្រឹះហើយ ប្រទេសនោះនឹងមានភាពអាណាធិបតេយ្យកើតកលយុគជាច្រើននៅក្នុងប្រទេសរបស់ខ្លួន។ តែកម្ពុជាបានគោរពនិងរក្សាបាននៅសុខសន្តិភាពនាពេលបច្ចុប្បន្ននេះ គឺបានការកើតចេញពីការគោរព និងដើរតាមបន្ទាត់ នៃច្បាប់រដ្ឋធម្មនុញ្ញ។
សូមរម្លឹកថា នៅថ្ងៃទី២៤ ខែកញ្ញា កាលពី៣១ឆ្នាំមុន ព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មីមួយ ក្រោយពីសភាធម្មនុញ្ញបានអនុម័ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីមានការបោះឆ្នោតរៀបចំឡើង ដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលភាគីខ្មែរក្នុងជម្លោះប្រដាប់អាវុធទាំង៤ភាគី និងដោយមានបណ្តាប្រទេសពាក់ព័ន្ធនិង អង្គការសហប្រជាជាតិជាសាក្សីបានចុះហត្ថលេខា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ហើយរដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាពវិមានរដ្ឋធម្មនុញ្ញ៖ នាំផ្លូវ-Lead The Way