អង្គការក្តីសង្ឃឹមថ្មី បានប្រគល់ផ្ទះទី៤០ ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន ពីតំបន់រមណីយដ្ឋានអង្គរ
ភ្នំពេញ៖ អង្គការក្តីសង្ឃឹមថ្មី បានធ្វើកម្មវិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន១ខ្នង ក្នុងក្រុងរុនតាឯកតេជោសែន ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ ជូនក្រុមគ្រួសារលោក ជា សុខហេង ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរមករស់នៅក្នុងក្រុងរុនតាឯកតេជោសែន ។
លោក សូត្រ សួរ ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាក និងដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ក្រុមគ្រួសារមួយនេះ តាមរយៈការសម្របសម្រួលរបស់អង្គការក្តីសង្ឃឹមថ្មី នៅកម្ពុជា (New Hope Cambodia) សហការជាមួយក្រុមអ្នកស្ម័គ្រចិត្តមកពីប្រទេសអូស្រា្តលី ដែលជាម្ចាស់ជំនួយក្នុងការសាងសង់ផ្ទះមួយខ្នងនេះ ដើម្បីជាអំណោយដ៏ថ្លៃថ្លាសម្រាប់គ្រួសារមួយនេះ។
លោក សូត្រ សួរ បន្តថា អង្គការក្តីសង្ឃឹមថ្មី ក្រៅពីផ្តល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត ក៏បានចូលរួមជួយលើកកម្ពស់ វិស័យអប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងជួយឧបត្ថម្ភផ្នែកសង្គមកិច្ចដល់ប្រជាពលរដ្ឋ និងកុមារក្រីក្រជាង ៥០០នាក់ តាមរយៈអាហាររូបករណ៍សិក្សាលើជំនាញបដិសណ្ឋារកិច្ច ផ្នែកសណ្ឋាគារ ទេសចរណ៍ និងមគ្គុទេសចរផងដែរ។លោក ប្រធានក្រុមប្រឹក្សាភិបាល ក៏បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន ដៃគូឯកជន អង្គការសង្គមស៊ីវិល ដែលបានជួយជ្រោមជ្រែង និងស្ម័គ្រចិត្តធ្វើឱ្យគម្រោងនេះ សម្រេចបានលទ្ធផលយ៉ាងគាប់ប្រសើរ ក្នុងការងារសង្គម។
លោក ជា សុខហេង ដែលទទួលអំណោយផ្ទះ១ខ្នង បានថ្លែងអំណរគុណដល់អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ដែលបានជួយសម្រាលបន្ទុកមួយចំណែកធំនៅក្នុងគ្រួសារ ផ្តល់នូវទីជម្រកដ៏សមរម្យមួយសម្រាប់ក្មេងៗ និងផ្តល់នូវភាពសុខដុមរម្យនាក្នុងជីវភាពរស់នៅ។ បច្ចុប្បន្នលោក សុខហេង បានរៀបការជាមួយលោកស្រី ប៉ុល សៀម ជាស្រ្តីមេម៉ាយ និងជាកម្មករសំណង់ក្នុងឆ្នាំ២០១៩ និងមានកូនស្រី២នាក់ ឈ្មោះហេង សៀវអឺ និង រ៉ូហ្សា។
សូមជម្រាបថា អង្គការក្តីសង្ឃឹមថ្មី នៅកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដើម្បីជួយលើកកម្ពស់ វិស័យអប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងជួយឧបត្ថម្ភផ្នែកសង្គមកិច្ចដល់ប្រជាពលរដ្ឋ និងកុមារក្រីក្រ ដែលមានមូលដ្ឋាននៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងសាងសង់ផ្ទះនេះ គឺជាគម្រោងសាងសង់ផ្ទះលើកទី៤០ របស់អង្គការ ហើយអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជាមានគម្រោងសាងសង់ផ្ទះចន្លោះពី ២ ទៅ៥ខ្នងក្នុងមួយឆ្នាំជូនប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅក្នុងខេត្តសៀមរាប។
សូមបញ្ជាក់ថា ផ្ទះដែលប្រគល់ជូន មានទទឹង ៥ម៉ែត្រ, បណ្តោយ ៩ម៉ែត្រ , កម្ពស់ ៤ម៉ែត្រកន្លះ ធ្វើអំពីឈើ (ប្រើប្រភេទឈើមិនជ្រាបទឹក) ប្រក់ស័ង្កសី និងមានបំពាក់អ៊ីសូឡង់ការពារកម្តៅថ្ងៃ មានបន្ទប់ទឹក បំពាក់បន្ថែមនូវប្រព័ន្ធទឹក ប្រព័ន្ធភ្លើង។ ក្រៅពីនេះ អង្គការបានផ្តល់ជូននូវសម្ភារៈផ្ទះបាយ សម្ភារៈបន្ទប់គេង និងគ្រឿងសម្ភារៈបរិក្ខារមួយចំនួនទៀត សរុបជាថវិកាចំនួន ១០,០០០ ដុល្លារអាមេរិករ ៕
អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ