វៀតណាមស្នើ Boeing ផលិតគ្រឿងបន្លាស់យន្តហោះ ក្នុងប្រទេស
បរទេស៖ ក្នុងពេលមានវត្តមាននៅអាមេរិក ប្រធានរដ្ឋវៀតណាម លោកTo Lam បានស្វែងរកការវិនិយោគរបស់ក្រុមហ៊ុន Boeing ក្នុងការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់យន្តហោះ នៅលើកទឹកដី ប្រទេសវៀតណាម ខណៈដែលភាគីក្រុមហ៊ុនអាមេរិកមួយនេះកំពុងពិចារណា នេះបើតាមការចេញផ្សាយ របស់កាសែត VNepxress ថ្មីៗនេះ។
ក្នុងពេលជួបលោក Brendan Nelson អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Boeing និងជាប្រធានក្រុមហ៊ុន Boeing Global នៅទីក្រុងញូវយ៉ក កាលពីចុងសប្តាហ៍ លោក To Lam អំពាវនាវឱ្យក្រុមហ៊ុន សាងសង់រោងចក្រផលិតគ្រឿងបន្លាស់ ព្រមទាំង មជ្ឈមណ្ឌលថែទាំម៉ាស៊ីនយន្តហោះ នៅវៀតណាម។
ជាការឆ្លើយតប លោក Nelson បាននិយាយថា ក្រុមហ៊ុន Boeing បានជួបប្រជុំជាច្រើនជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងពិភាក្សា ជុំវិញរឿងនេះ។ Boeing នឹងគាំទ្រការអភិវឌ្ឍន៍របស់វៀតណាម ដោយផ្តោតលើការបណ្តុះបណ្តាលបុគ្គលិក និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា អាកាសយានដ្ឋាន និងកន្លែងថែទាំយន្តហោះ ជាដើម នេះបើតាម VNexpress ដដែល។
លោក To Lam បានឆ្លៀតចង្អុលបង្ហាញថា វៀតណាមកំពុងវិនិយោគយ៉ាងខ្លាំង លើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ដូចជា គម្រោងសង់ព្រលានយន្តហោះ Long Thanh លើផ្ទៃដី ៥,០០០ហិកតា នៅខេត្ត Dong Nai ចំណាយថវិកាប្រមាណ ១៦,០៦ពាន់លានដុល្លារអាមេរិក ដើម្បីក្លាយជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F នេះបើតាមប្រភពដដែល៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត