វៀតណាមចាយ ៣៧ម៉ឺនដុល្លារ ជួសជុលស្ពានបាក់ប្រើប្រាស់ឡើងវិញ
ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានកំណត់ចំណាយថវិកាចំនួនជាង៣៧ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលស្ពានដែលបានបាក់ កាលពីពីរសប្តាហ៍មុន នៅក្នុងខេត្ត Phu Tho ដោយសារព្យុះទីហ្វុងសង្ឃរា Yagi នេះបើតាមកាសែត VNexpress។
ស្ពាន Phong Chau ត្រូវបានសាងសង់នៅលើផ្លូវជាតិលេខ 32C ក្នុងឆ្នាំ ១៩៩៥ តភ្ជាប់រវាងស្រុក Lam Thao និង Tam Nong។ វាបានបាក់ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ដោយកំណាត់ទី៦ និងទី៧ បានធ្លាក់ចូលទឹកទន្លេ។ រថយន្ត១០គ្រឿង និងម៉ូតូ២គ្រឿង បានធ្លាក់ចូលទឹកទន្លេ ស្លាប់មនុស្សមួយចំនួន។
ក្រោយគ្រោះមហន្តរាយ ខេត្ត Phu Tho បានស្នើសុំការយល់ព្រមពីរដ្ឋាភិបាល ក្នុងការសាងសង់ស្ពានថ្មី ក្នុងតំលៃ ជាង៣៥លានដុល្លារអាមេរិក ដើម្បីជំនួសស្ពានចាស់នេះ។
ព្យុះទីហ្វុង Yagi មានកម្លាំងខ្យល់បក់ឡើងដល់ ២០១ គីឡូម៉ែត្រ ក្នុងមួយម៉ោង ផ្តើមវាយប្រហារវៀតណាម កាលពីថ្ងៃទី ៣ ខែកញ្ញា។ ព្យុះនេះបានឆក់យកជីវិតមនុស្ស ២៩៩នាក់ បាត់ខ្លួន ៣៤នាក់ និងបានជន់លិចផ្ទះជាង ៧០,០០០ខ្នង នៅក្នុងប្រទេសមួយនេះ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត