ជម្លោះមជ្ឈិមបូព៌ា និងព្យុះសង្ឃរា ធ្វើឱ្យតម្លៃប្រេងពិភពលោក ហក់ឡើងវិញ
បរទេស : តម្លៃប្រេងពិភពលោក នៅថ្ងៃអង្គារនេះ បានហក់ឡើងភ្លាមៗ ចំពេលមានការព្រួយបារម្ភថា ជម្លោះកាន់តែរីកធំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅតំបន់មជ្ឈិមបូព៌ា។
ហើយព្យុះត្រូពិចក៏នឹងអាចប៉ះពាល់ដល់ទិន្នផលប្រេងនៅសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកនៅចុងសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
តម្លៃប្រេងឆៅអនាគតប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយ នៅខែវិច្ឆិកា បានកើនឡើងថ្លៃ ២១សេន ឬ ០.៣ភាគរយ ដោយជួញដូរក្នុងតម្លៃ ៧៤.១១ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅប្រភេទ WTI របស់អាមេរិក ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយ នៅខែវិច្ឆិកា បានកើនឡើងថ្លៃ ២៤សេន ឬ ០.៣ភាគរយ ដោយជួញដូរក្នុងតម្លៃ ៧០.៦១ដុល្លារក្នុងមួយបារ៉ែល។
ធនាគារ ANZ បាននិយាយនៅក្នុងកំណត់ត្រាមួយថា ទីផ្សារប្រេងមានការព្រួយបារម្ភថា ការកើនឡើងភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងអូសទាញអ្នកផលិតប្រេងរបស់អង្គការ OPEC ជាពិសេសអ៊ីរ៉ង់កាន់តែខិតទៅជិតការចូលរួមដែរ ខណៈពាណិជ្ជករក៏កំពុងតាមដានស្ថានការណ៍នេះ។
បន្ថែមពីលើបញ្ហានេះ ក្រុមហ៊ុនផលិតប្រេងអាមេរិកកំពុងជម្លៀសបុគ្គលិកចេញពីទីតាំងផលិតប្រេងនៅឈូងសមុទ្រម៉ិកស៊ិក ខណៈដែលមន្រ្តីឧតុនិយមបានព្យាករណ៍ថា ព្យុះសង្ឃរាថ្មីមួយទៀត អាចនឹងវាយលុកតំបន់ផលិតប្រេងនៅឈូងសមុទ្រនាចុងសប្តាហ៍នេះ។
បើតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក ព្យុះត្រូពិចដ៏មានសក្តានុពលមួយនៅភាគខាងលិចនៃប្រទេសគុយបា ត្រូវបានគេរំពឹងថា នឹងវិវត្តខ្លួនទៅជាព្យុះសង្ឃរានៅថ្ងៃពុធសប្តាហ៍នេះ ហើយបង្កើនកម្លាំងកាន់តែខ្លាំងក្នុងរយៈពេល ៧២ម៉ោងខាងមុខ មុនពេលឆ្លងកាត់ឈូងសមុទ្រភាគខាងកើតនៃប្រទេសម៉ិកស៊ិក៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា