គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រ បង្ករលកយក្សស៊ូណាមិនៅជប៉ុន
តូក្យូ ៖ កោះដាច់ស្រយាល Izu នៅភាគខាងត្បូងនៃទីក្រុងតូក្យូ បានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រ នៅថ្ងៃអង្គារទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNA។
គ្រោះរញ្ជួយដីនេះ បានបណ្តាលឱ្យមានជារលកយក្សស៊ូណាមិ ប៉ុន្តែទូរទស្សន៍រដ្ឋជប៉ុន NHK បានចុះផ្សាយថា ភ្លាមៗមិនមានរបាយការណ៍អំពីការខូចខាត ឬមនុស្សរងរបួសនោះទេ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា រលកយក្សស៊ូណាមិមានកម្ពស់កន្លះម៉ែត្រ បានវាយប្រហារលើកោះ Hachijo ដែលជាកោះមួយក្នុងចំណោមប្រជុំកោះ Izu ប្រហែល ៤០នាទីបន្ទាប់ពីកើតមានគ្រោះរញ្ជួយដី។
មុនពេលកើតមានគ្រោះធម្មជាតិនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនបានអំពាវនាវឱ្យអ្នកស្រុកនៅលើកោះ Izu និងកោះ Ogasawara ត្រូវតែត្រៀមខ្លួនទប់ទល់នឹងរលកយក្សស៊ូណាមិ ដែលអាចមានកម្ពស់រហូតដល់ ១ម៉ែត្រវាយប្រហារឆ្នេរសមុទ្រ។
កោះ Izu និងកោះ Ogasawara ដែលជាកោះដាច់ស្រយាល នៅភាគខាងត្បូងនៃទីក្រុងតូក្យូ មានប្រជាជនរស់នៅសរុបប្រហែល ២៤,០០០នាក់ គិតត្រឹមឆ្នាំ ២០២៣ នេះបើយោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន ដែលគ្រប់គ្រងកោះទាំងនេះ៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា