លោក ហ្សេលេនស្គី ប្រាប់យូអិនថា រុស្ស៊ីគួរតែត្រូវបង្ខំឱ្យស្វែងរកសន្តិភាព
វ៉ាស៊ីនតោន : មេដឹកនាំអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ នៅអង្គការសហប្រជាជាតិថា រុស្ស៊ីគួរតែត្រូវបានបង្ខំឱ្យចូលរួមក្នុងដំណោះស្រាយសន្តិភាព។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅអង្គការសហប្រជាជាតិថា រុស្ស៊ីគួរតែត្រូវបានបង្ខំឱ្យចូលរួមក្នុងដំណោះស្រាយសន្តិភាព ហើយលោកបានប្តេជ្ញាថា នឹងមិនចរចាលើលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់សង្រ្គាមនោះទេ។
អំឡុងសម័យប្រជុំពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក ហ្សេលេនស្គី ក៏បានចូលរួមជាមួយអាមេរិក ក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់ និងកូរ៉េខាងជើង ជុំវិញការចោទប្រកាន់ថា ប្រទេសទាំងពីរបានគាំទ្រផ្នែកយោធាដល់រុស្ស៊ី។
លោក ហ្សេលេនស្គី បាននិយាយថា ការបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីដែលមានរយៈពេលពីរឆ្នាំមកនេះ ត្រូវតែផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលកំណត់អធិបតេយ្យភាពដោយរដ្ឋជាសមាជិក។ លោក ហ្សេលេនស្គី បន្តថា ថ្ងៃណាមួយនៅក្នុងសាលនេះ សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននឹងបញ្ចប់។
រឿងនេះនឹងកើតឡើង… មិនមែនដោយសារតែនរណាម្នាក់ធុញទ្រាន់នឹងសង្រ្គាម… មិនមែនដោយសារតែនរណាម្នាក់បានជួញដូរអ្វីមួយជាមួយលោក ពូទីន នោះទេ។ សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹងបញ្ចប់ដោយសារតែធម្មនុញ្ញអង្គការសហប្រជាជាតិនឹងដំណើរការ។
លោក ហ្សេលេនស្គី បានសន្យាជាថ្មីម្តងទៀតថា នឹងមាន “កិច្ចប្រជុំកំពូលសន្តិភាព” លើកទីពីរហើយថា គាត់កំពុងអញ្ជើញទាំងប្រទេសចិន និងឥណ្ឌាដែលជាមហាអំណាចសំខាន់ៗ ដែលបានបដិសេធមិនព្រមចូលរួមក្នុងដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ី អោយចូលរួមផងដែរ៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា