ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅមីយ៉ាន់ម៉ា កើនឡើងជាង ៤០០នាក់
ណៃពិដោ : រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានកើនឡើងដល់ ៤១៩នាក់។
ព្យុះទីហ្វុង Yagi បានបោកបក់វាយលុកភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ាក្នុងខែនេះ ដោយបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅទូទាំងតំបន់។
ក្រុមព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃអង្គារម្សិលមិញ មនុស្ស ៤១៩នាក់បានបាត់បង់ជីវិត។
ចំនួនអ្នកស្លាប់ពីមុនដែលត្រូវបានរាយការណ៍ដោយរបបយោធា គឺ ៣៨៤នាក់ និង ៨៩នាក់បាត់ខ្លួន។ ប៉ុន្តែការធ្វើបច្ចុប្បន្នភាព កាលពី ថ្ងៃ អង្គារ មិន បាន បញ្ជាក់ ថា តើមនុស្សចំនួន ប៉ុន្មាន ទៀតដែល នៅ តែបន្តបាត់ ខ្លួន នោះ ទេ។
អង្គការសហប្រជាជាតិបានព្រមានថា មនុស្សរហូតដល់ ៨៨៧,០០០នាក់បានរងផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការវាយប្រហាររបស់ព្យុះទីហ្វុង Yagi។
សូមរម្លឹកថា ទឹកជំនន់ ធ្ងន់ធ្ងរ បាន វាយប្រហារ ប្រទេស មីយ៉ាន់ម៉ាក្នុង ឆ្នាំ ២០១១ និង ឆ្នាំ ២០១៥ ដោយ មាន មនុស្ស ស្លាប់ ជាង ១០០នាក់ ខណៈ នៅ ឆ្នាំ ២០០៨ ព្យុះ ស៊ីក្លូន ណា ជី បាន ធ្វើ ឱ្យ មនុស្ស ជាង ១៣៨.០០០នាក់ ស្លាប់ ឬ បឬបាត់ខ្លួន៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា