អាមេរិកជំរុញឱ្យយូអិនប្រឆាំងអ៊ីរ៉ង់ និងកូរ៉េខាងជើង រឿងគាំទ្រសង្គ្រាមរុស្ស៊ី
វ៉ាស៊ីនតោន : ប្រមុខការទូតអាមេរិក កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យប្រឆាំងអ៊ីរ៉ង់ និងកូរ៉េខាងជើង ជុំវិញការគាំទ្ររុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃអង្គារ បានជំរុញឱ្យចាត់វិធានការជាអន្តរជាតិប្រឆាំងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ទាក់ទិននឹងការគាំទ្ររបស់ប្រទេសទាំងពីរដល់រុស្ស៊ី នៅក្នុងការលុកលុយរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន។
លោក Blinken បានប្រាប់សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការគាំទ្រពីទីក្រុងតេហេរ៉ង់ និងទីក្រុងព្យុងយ៉ាង កំពុងជួយលោក ពូទីន ធ្វើឃាតមនុស្ស បង្កការរងទុក្ខវេទនា និងការបំផ្លិចបំផ្លាញលើបុរស ស្ត្រី និងកុមារអ៊ុយក្រែនស្លូតត្រង់។
លោក Blinken បន្តថា ជំហានបន្ទាន់ គឺយើងត្រូវដោះស្រាយកិច្ចសហប្រតិបត្តិការ ដែលកំពុងរីកចម្រើនរបស់រុស្ស៊ីជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់។ លោក Blinken បន្ថែមថា អ៊ីរ៉ង់កំពុងផ្តល់យន្តហោះដ្រូនបំពាក់អាវុធដល់ វិមានក្រឹមឡាំងតាំងពីឆ្នាំ ២០២២។
អ៊ីរ៉ង់បានសាងសង់រោងចក្រយន្តហោះដ្រូននៅក្នុងប្រទេសរុស្ស៊ីកាលពីប៉ុន្មានសប្តាហ៍មុន និងបានផ្ទេរមីស៊ីលផ្លោងរយៈចម្ងាយខ្លីរាប់រយគ្រាប់ទៅកាន់រុស្ស៊ី។ បន្ថែមលើនេះ អ៊ីរ៉ង់ក៏បានបណ្តុះបណ្តាលបុគ្គលិកយោធារុស្ស៊ីក្នុងប្រទេសអ៊ីរ៉ង់ ពីរបៀបប្រតិបត្តិការអាវុធទាំងនេះផងដែរ។
រីឯកូរ៉េខាងជើងវិញ បានប្រគល់អាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី រួមទាំងមីស៊ីលផ្លោង កាំជ្រួច និងគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ ខណៈការគាំទ្រពីទីក្រុងតេហេរ៉ង់ និងទីក្រុងព្យុងយ៉ាង កំពុងជួយលោក ពូទីន ប្រព្រឹត្តទង្វើកាប់សម្លាប់ និងបំផ្លិចបំផ្លាញទៅលើបុរស ស្រ្តី និងកុមារជនជាតិអ៊ុយក្រែនស្លូតត្រង់៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា