ប្រជាជនលីបង់កន្លះលាននាក់ផ្លាស់ទីលំនៅ

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសលីបង់ លោក Bou Habib បានអះអាង កាលពីថ្ងៃអង្គារថា ចាប់តាំងពីអ៊ីស្រាអែលប្រកាសបង្កើនយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហេបូឡាហ៍មក មានប្រជាជនលីបង់ជិត៥០ម៉ឺននាក់ បានបង្ខំចិត្តផ្លាស់ទីលំនៅ។

កាលពីប៉ុន្មានថ្ងៃមកនេះ អ៊ីស្រាអែលបានអំពាវនាវដល់ប្រជាជនលីបង់ទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីតំបន់ពួកហេបូឡាហ៍ យ៉ាងហោចណាស់ ១០០០ម៉ែត្រ ខណៈដែលខ្លួនបង្កើនការវាយប្រហារ តាមអាកាសលើក្រុមនេះ។

ថ្លែងក្នុងពេលកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីការបរទេស Bou Habib បាននិយាយថា «ឥឡូវនេះ ជនភៀសខ្លួនប្រហែលជាជិតកន្លះលានហើយ»។

ការបាញ់គ្នាឥតឈប់ឈររវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍នៅលីបង់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យមានការភ័យខ្លាចថា សត្រូវដ៏យូរអង្វែងគ្នាទាំងពីរនេះ កំពុងឆ្ពោះទៅរកសង្រ្គាមដ៏រ៉ាំរ៉ៃ បើទោះបីជាមានការអំពាវនាវពីអន្តរជាតិ ឱ្យមានការអត់ធ្មត់ក៏ដោយ។ បណ្តាប្រទេសនានា ដែលមានពលរដ្ឋខ្លួន នៅប្រទេសលីបង់បានប្រាប់ឲ្យចាកចេញពីប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ជាបន្ទាន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner