អង្គការ UNAIDS ត្រៀមខ្លួនជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះ ទៅរកស្ថានភាពដែលគ្មាន ការឆ្លងថ្មី គ្មានការស្លាប់ និងគ្មានការមាក់ងាយរើសអើងទាក់ទងនឹងជំងឺអេដស៍
(ភ្នំពេញ)៖ អង្គការ UNAIDS ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់កម្ពុជា ក្នុងដំណើរ ឆ្ពោះទៅរកស្ថានភាពមួយ ដែលគ្មានការឆ្លងថ្មី គ្មានការស្លាប់ និងគ្មានការមាក់ងាយ រើសអើង ទាក់ទងនឹងជំងឺអេដស៍ ។
នេះជាការគូសបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត Ye Yu Shwe តំណាងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ក្នុងឱកាសដែលអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺ អេដស៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និង ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកវេជ្ជបណ្ឌិត Ye Yu Shwe បានកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅពីក្រោយការរៀបចំ និងការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ ឯកសារសំខាន់ៗ ទាំងពីរនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការវិនិយោគ ដែលមិនផ្លាស់ប្តូររបស់ កម្ពុជា ក្នុងការបញ្ចប់ការរីករាលដាល នៃជំងឺអេដស៍ ។
លោកថា ឯកសារយុទ្ធសាស្ត្រទាំងនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការរៀបចំការ ឆ្លើយ តបរបស់កម្មវិធីអេដស៍នាពេលអនាគត និងធានាថា ធនធានត្រូវបញ្ជូនដល់អ្នក ដែល ត្រូវការបំផុត រួមទាំងសម្រាប់ប្រជាជនគន្លឹះ និងអ្នកដែលងាយរងគ្រោះបំផុត ចំពោះ ការឆ្លងមេរោគអេដស៍ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានគូស បញ្ជាក់ថា ទស្សនវិស័យ នៃផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ គឺប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់ នៅ ក្នុងប្រទេសកម្ពុជា រស់នៅប្រកបដោយសុខភាព និងផលិតភាព ដោយ មិនឆ្លង មេរោគ អេដស៍ និងគ្មានការមាក់ងាយ ឬការរើសអើង ដែលទាក់ទងនឹងមេរោគអេដស៍ ។
ផែនការយុទ្ធសាស្រ្តជាតិនេះ កំណត់គោលដៅ ប្រកបដោយមហិច្ឆតា ក្នុងការបញ្ចប់ ជំងឺអេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈ នៅឆ្នាំ២០២៨ ។ ផែនការយុទ្ធសាស្ត្រជាតិ ផ្តល់ផែនទីបង្ហាញផ្លូវ សម្រាប់អ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងធានាបានការចូលរួមប្រកប ដោយបរិយាបន្ន និងផ្អែកលើសិទ្ធិមនុស្ស ចំពោះការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា របាយការណ៍អង្កេតជាតិ នៃការចំណាយថវិកា លើកទី៧ ធ្វើការវិភាគលើការចំណាយ ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ឆ្នាំសារ ពើពន្ធ ឆ្នាំ២០២០-២០២២ ។ របាយការណ៍អង្កេតនេះ គូសបញ្ជាក់ពីគំរូ នៃការបែង ចែកធនធានលើការបង្ការ ការថែទាំ ការព្យាបាល និងការគ្រប់គ្រងកម្មវិធី ជាមួយនឹង គោលបំណងចុងក្រោយ នៃការបង្កើនប្រសិទ្ធភាពនៃការបែងចែកធនធាន ដើម្បីបំពេញ តាមតម្រូវការ នៃការវិវត្តរាតត្បាតជំងឺអេដស៍ ។ ការរកឃើញលទ្ធផលការអង្កេតនេះ ផ្តល់ជាព័ត៌មានសំខាន់មួយ សម្រាប់អ្នកធ្វើការសម្រេចចិត្ត គាំទ្រគោលនយោបាយ ផ្អែកលើភស្តុតាង ដែលធានាថា ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជា មានប្រ សិទ្ធភាព សមធម៌ និងផ្តល់លទ្ធផល ។
ឯកឧត្តមប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ទៀតថា តាមរយៈ ការធានានូវវិធីសាស្រ្ត ពហុវិស័យប្រកបដោយនិរន្តរភាព ចំពោះជំងឺរាតត្បាត យើងកំពុង ស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាន នូវគោលដៅក្នុងការលុបបំបាត់មេរោគអេដស៍ ដែលជា ការគំរាមកំហែងដល់សុខភាពសាធារណៈ នៅឆ្នាំ២០២៨ ។ លើសពីនេះ លទ្ធផលការ អង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) ផ្តល់នូវការយល់ដឹងសំខាន់ៗ អំពីរបៀបដែលយើង អាចបង្កើនប្រសិទ្ធភាពធនធាន ដើម្បីដោះស្រាយតម្រូវការ របស់អ្នកដែលរស់នៅជាមួយ និងរងផលប៉ះពាល់ដោយ មេរោគអេដស៍ ឱ្យកាន់តែប្រសើរឡើង ។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សូមថ្លែងអំណរគុណ ចំពោះការគាំទ្រផ្នែកបច្ចេក ទេសពីអង្គការ UNAIDS ដែល បានផ្តល់ការគាំទ្រដល់ការរៀបចំឯកសារ យុទ្ធសាស្ត្រ ដែល ផ្អែកលើភស្តុតាងសម្រាប់បន្ត និងជំរុញការឆ្លើយតបមេរោគអេដស៍របស់ប្រទេស កម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត