ថៃជាប្រទេសអាស៊ានដំបូងអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា
បាងកក៖ ព្រឹត្តិប័ត្រ royal gazette របស់ព្រះបរមរាជវាំងថៃ បានប្រកាសកាលពីថ្ងៃអង្គារទី២៤ ខែកញ្ញាថា ព្រះមហាក្សត្រថៃបានចុះហត្ថលេខាលើច្បាប់រៀបអាពាហ៍ពិពាហ៍ថ្មីមួយ ដែលនឹងធ្វើឱ្យថៃក្លាយជាប្រទេសអាស៊ានដំបូងគេ និងជាប្រទេសអាស៊ីទី៣ បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ដែលទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ច្បាប់ដែលត្រូវបានអនុម័តដោយសភាថៃកាលពីខែមិថុនា នឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃក្រោយ ពោលគឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn បានផ្តល់សច្ចាប័ន។
ច្បាប់អាពាហ៍ពិពាហ៍ថ្មីរបស់ថៃ ឥឡូវនេះនឹងប្រើពាក្យអព្យាក្រឹតយេនឌ័រជំនួសឱ្យ «បុរស ស្ត្រី ប្តី ប្រពន្ធ» ហើយផ្តល់សិទ្ធិស្មុំកូន និងមរតកដល់គូស្នេហ៍ភេទដូចគ្នា។ ថៃមានភាពល្បីល្បាញជាយូរមកហើយសម្រាប់ការទទួលយកទំនាក់ទំនងភេទដូចគ្នា។
ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថា ប្រជាជនថៃភាគច្រើនគាំទ្រទាំងអាពាហ៍ពិពាហ៍បែបប្រពៃណី និងភេទដូចគ្នា។ យ៉ាងណាមិញ នៅតែមានការមិនពេញចិត្តមួយចំនួនតូចពីសាធារណជនដែលប្រកាន់ខ្ជាប់ប្រពៃណី។
គួរបញ្ជាក់ថា ប្រទេស និងដែនដីជាង៣០ជុំវិញពិភពលោក បានធ្វើឱ្យសិទ្ធិរៀបអាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នាស្របច្បាប់ ដោយហូឡង់ជាប្រទេសដំបូងគេក្នុងឆ្នាំ២០០១៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា