សម្ដេចមហាមន្ត្រី គុយ សុផល អញ្ជើញកាត់ឫសសីមាព្រះវិហារ វត្តគំរាបរុក្ខារាម ដែលមានចំណាស់ជាង៣០០ឆ្នាំ
កំពង់ឆ្នាំង៖សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោកជំទាវ កែ ច័ន្នមុន្នី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិត
ឆ្ងាយយ៉ាងច្រើនកុះករកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា បានអញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារ វត្តគំរាបរុក្ខារាម ដែលជាវត្តបុរាណមានចំណាស់ជាង៣០០ឆ្នាំស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ព្រះវិហារដែលទើបសាងសង់ថ្មីទាំងស្រុងបានប្រារព្ធពិធីបញ្ចុះខណ្ឌសីមារយៈពេល ២ យប់ ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះវរៈរាជមាតាជាតិខ្មែរ នរោត្តមមុនិនាថសីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីប្រគេនព្រះសង្ឃគង់នៅក្នុងវត្តគំរាបរុក្ខារាម និងប្រជាពុទ្ធបរិស័ទសម្រាប់ជាទីគោរពប្រតិបតន៍សាសនា។
បើតាមការរំលឹករបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង វត្តគំរាបរុក្ខារាមនេះ បានកសាងឡើងនៅមុនឆ្នាំ១៧០៧ ក្នុងព្រះរាជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស លើផ្ទៃដីដែលសម្បូរដោយព្រៃឈើធំៗ។រហូតដល់ឆ្នាំ ១៧០៧ ពេលដែលខ្មែរមានសង្គ្រាមជាមួយសៀម កុដិ ព្រះវិហារ ត្រូវបានឆាប់ឆេះខ្ទេចទាំងស្រុង។ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ទីតាំងវត្តចាស់ គឺសល់តែទីទួលមួយប៉ុណ្ណោះនៅឆ្នាំ២០០៩ ទើបពុទ្ធបរិស័ទស្រុកបរិបូណ៌ពិសេសពុទ្ធបរិស័ទចំណុះជើងវត្តត្រពាំងចាន់ឯកភាពគ្នាកសាងវត្តគំរាបរុក្ខារាម នេះឡើងវិញ លើទីតាំង ដដែលតាមគំនិតផ្ដួចផ្ដើមរបស់ព្រះវិន័យស្រុកបរិបូណ៌ព្រះនាម ជួប សុផល ព្រះគ្រូចៅអធិការវត្តត្រពាំងចាន់មកដល់បច្ចុប្បន្ន។
សម្ដេចមហាមន្ត្រី គុយ សុផល មានប្រសាសន៍សំដៅលើសំណង់ព្រះវិហារដ៏ស្កឹមស្កៃ ដែលលេចត្រដែតនៅកណ្ដាលវត្តភ្នំគំរាបរុក្ខារាមថា ជាគុណបំណាច់ដ៏ថ្លៃថ្លានិងសូមឧទ្ទិសមគ្គផលជូនសម្ដេចចៅហ្វាវាំង គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលសម្ដេចបានផ្ដួចផ្ដើមគំនិតយកទីតាំងវត្តអារាមនេះ ដើម្បីកសាងបូជនីយដ្ឋានព្រះវិហារដ៏ស្កឹមស្កៃនេះ សម្រាប់ប្រជាជាតិកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សម្ដេចមហាមន្ត្រី គុយ សុផល ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការវត្តនិងព្រះសង្ឃ សូមចូលរួមថែរក្សានូវសមិទ្ធផលថ្មីដែលកសាងបានយ៉ាងល្អឯកនេះ៕
ដោយ៖សុខ គឹមសៀន