អ្នកសារព័ត៌មាននិងវិស័យេកជនទទួលបានចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុ
(ភ្នំពេរញ)៖ប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះបំផុត ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ជាដើម។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន។.
ថ្លែងក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន នាថ្ងៃទី ២៥-២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ បានឱ្យដឹងថា៖ការសិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ នឹងអាចកាត់បន្ថយ ផលិតផលក្នុងស្រុកសរុប ចំនួន ២,៥ភាគរយ នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨ភាគរយនៅឆ្នាំ២០៥០ ប្រសិនមិនមានវិធានការ ឆ្លើយតបសមស្របនោះទេ។ ដូច្នេះ អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យ សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណា្តលមកពីការប្រែប្រួលអាកាសធាតុលើ វិស័យកសិកម្ម ធនធានទឹក សុខភាពមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ តំបន់ឆ្នេរ និងប្រព័ន្ធអេកូស៊ីព្រៃឈើ។

ឯកឧត្តមរដ្ឋលេខាធិការបានអះអាងដែរថា៖”កន្លងមកយន្តការ ផ្សព្វផ្សាយ ដល់សាធារណជនឲ្យបានជ្រាបស្តីពីការប្រែប្រួលអាកាសធាតុ នៅមានកម្រិតដោយសារការយល់ដឹងរបស់អ្នកជំនាញសារព័ត៌មានគឺនៅមានកម្រិត។ វេទិកាពិភាក្សាតុមូលរវាងវិស័យឯកជន និងអ្នកសារពត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ មានសារសំខាន់ណាស់ ដើម្បីសម្របសម្រួល កិច្ចសន្ទនា កិច្ចពិភាក្សាតុមូល បានប្រមូលធាតុចូល ពីវិស័យឯកជន ដើម្បីរៀបចំជាគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា”។

ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ដើម្បីចូលរួមក្នុងកិច្ចការងារនេះ អ្នកសារព័ត៌មានត្រូវតែចេះ ពីរបៀបរាយការណ៍និងសរសេរព័ត៌មាន ពិសេសមានចំណេះដឹង បន្ថែមលើ បញ្ហានៃការប្រែប្រួលអាកាសធាតុ ដូចជាចេះរកពាក្យគន្លឹះ ស្វែងរកប្រភព ផ្ទៀងផ្ទាត់ប្រភព ហើយផ្តល់ដំណោះស្រាយ មួយជាក់លាក់ផងដែរ។
ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថាអ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ណាស់ ក្នុងការចូលរួមផ្សព្វផ្សាយ ពីព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ ដែលអាចបញ្ជ្រាបចំណេះដឹង ដើម្បីដោះស្រាយបញ្ហានានា ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ជីវភាព និងការរស់នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ ទោះបីយ៉ាងណាមកដល់ពេលនេះគេឃើញអ្នកព័ត៌មានអាជីពជាច្រើនពុំទាន់មានជំនាញជាក់លាក់ក្នុងការរាយការណ៍ព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុនេះនៅឡើយដែរ។

ឯកឧត្តមបានបញ្ជាក់បន្ថែថា”ក្រៅអំពីផ្សព្វផ្សាយអ្នកសារព័ត៌មានត្រូវមានតួនាទីមួយទៀតគឺការអប់រំ ត្រូវផ្តល់នូវសារអប់រំដល់ពលរដ្ឋ។ក្រៅពីនេះក៏ត្រូវដឹងពីផលលំបាកពលរដ្ឋ និងត្រូវផ្តល់មកវិញនូវអ្នកជំនាញសម្រាប់ដោះស្រាយជូនពួកគាត់”។
គួរបញ្ជាក់ថា សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជនចាប់ពីថ្ងៃទី ២៥-២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ មានបណ្តាញសារព័ត៌មានចំនួន ១៥ស្ថាប័ន វិស័យឯកជនចំនួន៤ សាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៤ និងអង្គការដៃគូចំនួន៣បានចូលរួម ៕



ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិនរចនា និងសែម បូរិន