ភូមិឋាន ផ្លូវ ច្រាំងទន្លេមួយចំនួននៅខេត្តកំពង់ចាម រងផលប៉ះពាល់​ដោយទឹកទន្លេមេគង្គឡើងលើសកម្ពស់ជាង១៤ម៉ែត្រ

កំពង់ចាម៖ ភូមិឋាន ផ្លូវ និងច្រាំងទន្លេមួយចំនួនក្នុងភូមិសាស្ត្រ​ខេត្តកំពង់ចាម បានរងផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេ​មេគង្គខេត្តកំពង់ចាម ខណៈទឹកហក់ឡើងជាបន្តបន្ទាប់ ។ជាក់ស្តែង ស្ថិតនៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ក៏មាន​ករណីបាក់ស្រុតច្រាំងទន្លេប្រមាណជាង៦០ម៉ែត្រ ហើយត្រូវបាន​មន្ទីរពាក់ព័ន្ធ​ច្រកបាវខ្សាច់ទម្លាក់នៅ​កន្លែងទីតាំងបាក់ស្រុកនោះ។ ។ចំណែកស្ថិតនៅឃុំកោះសូទិនក៏មានផ្ទះមួយចំនួនបានជន់លិច ។ផ្ទះខ្លះត្រូវរំកិលទីតាំងទៅកន្លែងថ្មី ។ចំណែកផ្លូវដី និងផ្លូវបេតុង​រាប់ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រមួយចំនួនត្រូវបានជន់លិច​ដូចគ្នា។នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន​ខាងលើ។

ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ ថា ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃទី២៥ ខែកញ្ញានេះ បានបន្តឡើង ថែមទៀតដល់កម្ពស់១៤,១០ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹក​ឡើង​០,២០ម៉ែត្រ ។កម្ពស់ទឹកពេលនេះធៀបទៅឆ្នាំ២០២៣ក្នុងអំឡុង​ពេលដូចគ្នា ទឹកទន្លេមានកម្ពស់១២,៦៦ម៉ែត្រ។ លោកបន្ថែមថា ខេត្តកំពង់ចាមកម្ពស់ទឹកចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ប្រភបដដែលបង្ហាញថា ស្ថានភាពទឹកទន្លេមេគង្គនៅថ្ងៃទី២៥ ខែ​កញ្ញានេះឡើងដល់កម្ពស់ជាង១៤ម៉ែត្រដែលធ្វើឱ្យព្រែក​ចំនួន៣៦​ក្នុងចំណោម៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន៖១.ស្រុកស្ទឹងត្រង់ព្រែកចំនួន​៥ លើព្រែក៥​,២.ស្រុកកំពង់​សៀម​៩​ព្រែក​លើ១១ព្រែក,៣.ស្រុកកងមាស ១០ព្រែកលើ១៣ព្រែក,  ៤.ស្រុកកោះសូទិន ៥ព្រែកលើ ៥ព្រែកនិង៥.ស្រុកស្រីសន្ធរ ៧​ព្រែកលើ ៧ព្រែក។

លោក អ៊ុម វិបុល បានបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពធាតុអាកាស​មានភ្លៀងផ្គររន្ទះកម្រិតតិចទៅបង្គួរក្នុងបរិមាណជា​មធ្យម​ពី២០%​ទៅ៣០% និងមានខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤​ម៉ែត្រក្នុង១វិនាទី៕


ដោយ៖លី ពៅ

ads banner