ទូកងខ្លាខ្មៅសាមគ្គីមានជ័យ ត្រៀមខ្លួនប្រកួតប្រណាំងដណ្ដើមយកជ័យជម្នះក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ
កំពង់ធំ ៖ ពិធីប្រណាំងទូកដែលជា ទំនៀមទំលាប់ប្រពៃណីខ្មែរ ត្រូវបានប្រារព្វជារៀងរាល់ឆ្នាំ ដោយមានកីឡាករ កីឡាការិនី ចូលរួមក្នុងពិធីប្រណាំងទូក ដែលនឹងប្រារព្ធឡើងនៅខេត្តកំពង់ធំនាពេលខាងមុខនេះ ។ក្នុងនោះទូកដែលមានឈ្មោះថា “ខ្លាខ្មៅសាមគ្គីមានជ័យ បារមីសឹករងកំពង់ធំ” តំណាងឱ្យបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា បានទទួលការជួយឧបត្ថម្ភគាំទ្រកីឡាករ និងលើកទឹកចិត្តដល់កីឡាករទូកខ្នាតអន្តរជាតិ ដែលមានចំណុះទូកចំនួន២២នាក់ និងកម្លាំងបម្រុងចំនួន៨នាក់។សរុបចំនួន៣០នាក់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីបង្ហាញនូវការចូលរួមអបអរ អមជាមួយនឹងទឹកចិត្តស្រឡាញ់វិស័យកីឡាដោយបានឧបត្ថម្ភថវិកា១,៥លានរៀលនិងភេសជ្ជៈមួយចំនួនជូនដល់កម្លាំងក្រុមកីឡាករ ដើម្បីបង្កើនការហ្វឹកហាត់ត្រៀមចូលរួមអបអរសាទរ និងដណ្ដើមយកជ័យជម្នះក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែនៅខេត្តកំពង់ធំ ។
លោក ឈឿន សុខគា តំណាងឱ្យក្រុមកីឡាករទូកខ្លាខ្មៅសាមគ្គីមានជ័យ បារមីសឹករងកំពង់ធំ បានអគុណឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយគាំទ្រដល់ក្រុមកីឡាករទូកទាំងអស់ ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅ រហូតដល់ពេលប្រកួតក្នុងពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះឱ្យទទួលបានជោគជ័យ៕
ដោយ៖ ប៊ុន រដ្ឋា