ថៃចែកលុយ ៣០០ដុល្លារ ដល់ប្រជាជន
បាងកក៖ ថ្ងៃពុធម្សិលមិញគឺជាថ្ងៃដំបូង ដែលក្រុមងាយរងគ្រោះទទួល បានលុយ ១០,០០០បាត ឬ ជាង៣០០ដុល្លារអាមេរិក ពីគម្រោងកាបូបឌីជីថល ដោយគេដឹងថា ប្រជាជនថៃរាប់សិបលាននាក់បានចុះឈ្មោះទទួលប្រាក់ពីគម្រោង របស់រដ្ឋាភិបាលមួយនេះ។
កាសែត The Nation បានឲ្យដឹងថា ក្រុមដែលងាយរងគ្រោះ រួមមានអ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ និងជនពិការ ដែលទទួលបានជាសាច់ប្រាក់ ឬ តាមរយៈគណនីធនាគារ របស់ពួកគេ ចាប់ពីថ្ងៃទី ២៥ ដល់ ៣០ ខែកញ្ញា។
ប្រភពថា ប្រជាពលរដ្ឋខ្លះ បានធ្វើដំណើរទៅកាន់ធនាគារកសិកម្ម និងសហករណ៍កសិកម្ម ដើម្បីទទួលប្រាក់។ ប្រជាពលរដ្ឋភាគច្រើន ដែលធ្វើដំណើរទៅកាន់ធនាគារផ្ទាល់ គឺជាអ្នកដែលគ្មានកាតអេធីអឹម។
នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ដែលប្រកាសចាប់ផ្តើមកម្មវិធីនេះ នៅវិមានរដ្ឋាភិបាល បាននិយាយថា នេះគឺជាក្រុមអ្នកទទួលដំបូង។ លោកស្រីបានសន្យាថា នឹងរៀបចំដំណាក់កាលទី២ និងទី៣ ក្នុងពេលឆាប់ៗនេះ៕
ប្រភពពី The Nation, ប្រែសម្រួល៖ សារ៉ាត