ថៃបង្ហាញគន្លះគ្រប់គ្រងទឹកជំនន់ដោយជោគជ័យ

បរទេស៖ ខេត្តឈៀងម៉ៃ នៅប្រទេសថៃ បានអះអាងថា ក្នុងចំណោមស្រុកចំនួន១៥ ដែលបានជន់លិច នៅសល់តែស្រុកមួយប៉ុណ្ណោះ នៅជួបបញ្ហាលិចទឹក ជាហេតុនាំឲ្យខេត្តមួយនេះគិតថា ជាជោគជ័យនៃការគ្រប់គ្រងទឹកជំនន់ ដែលបង្កឡើងដោយសារទឹកភ្លៀង នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ផ្អែកតាមការចេញផ្សាយរបស់កាសែត The Nation កាលពីថ្ងៃទីអង្គារ
អភិបាលខេត្តឈៀងម៉ៃ លោក Nirat Pongsitthaworn បាននិយាយថា ស្ថានភាពទឹកជំនន់ក្នុងខេត្តរបស់លោក ត្រូវបានគ្រប់គ្រង។ លោកថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យស្រុកចំនួន១៥ ក្នុងចំណោម ២៥ ស្រុក ក្នុងខេត្តឈៀងម៉ៃ ជួបប្រទះនឹងទឹកជំនន់។ យ៉ាងណាក៏ដោយ ស្ថានភាពនៅស្រុកចំនួន ១៤ ឥឡូវត្រូវបានដោះស្រាយរួចហើយ ដោយបន្សល់ទុកតែស្រុក Mae Rim ដែលស្ថិតនៅក្រោមទឹក។

អភិបាលខេត្តឈៀងម៉ៃបានបង្ហាញពីគន្លះសំខាន់ៗ ដែលខេត្តបានអនុវត្ត មានដូចជា លោកបានបញ្ជាឱ្យអាជ្ញាធរជម្លៀសប្រជាជន អ្នកជំងឺដែលងាយរងគ្រោះ សត្វចិញ្ចឹម និងសត្វពាហនៈ។ រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់រងរបួសឬស្លាប់ទេ។

មួយវិញទៀត មន្ត្រីមូលដ្ឋានបាននិយាយថា សកម្មភាពគ្រប់គ្រងទឹកនៅទន្លេ Ping បានដំណើរការយ៉ាងរលូន។ លោក Nirat បាននិយាយថា ទន្លេ Ping នៅស្ពាន Nawarat នៅតែមានសុវត្ថិភាព គិតត្រឹមម៉ោង ៦ និង៤០នាទី ល្ងាចថ្ងៃចន្ទ។ ទឹកទន្លេមានកម្ពស់២,៦៧ម៉ែត្រ ដោយមានលំហូរថេរ ២៨៨ម៉ែត្រគូប ក្នុងមួយវិនាទី។ ស្រុក Mueang នៅតែអាចទប់ទល់នឹងជំនន់ទឹកភ្លៀងបានបន្ថែមទៀត ដោយទ្វារទឹកជំនន់ចំនួនប្រាំមួយ នៅក្នុងស្រុកថាវ៉ាងតាន់ បានបើកហើយ ហើយឧបសគ្គលើផ្លូវទឹកត្រូវបានដកចេញ ដើម្បីជំរុញការបង្ហូរទឹក។

លោកអភិបាលខេត្តបានបន្ថែមថា មន្ត្រីខេត្តឈៀងម៉ៃ កំពុងតាមដានស្ថានភាពទឹកជំនន់ យ៉ាងដិតដល់៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner