អង្គការក្តីសង្ឃឹមថ្មី បានប្រគល់ផ្ទះទី៤១ ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅ ឋានពីតំបន់រមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អង្គការក្តីសង្ឃឹមថ្មី បានធ្វើកម្មវិធីប្រគល់ផ្ទះ ទី៤១ ជូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងក្រុងរុនតាឯកតេជោសែន ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯក តេជោសែន ខេត្តសៀមរាប ។
លោក សូត្រ សួរ ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា បានជម្រាប ជូនថា អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដើម្បីជួយលើកកម្ពស់វិស័យអប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងជួយឧបត្ថម្ភផ្នែកសង្គមកិច្ចដល់ប្រជាពលរដ្ឋ និងកុមារក្រីក្រ ដែលមានមូលដ្ឋាននៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
គម្រោងសាងសង់ផ្ទះនេះ គឺជាគម្រោងសាងសង់ផ្ទះលើកទី៤១ ពីអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ហើយអង្គការមានគម្រោងសាងសង់ផ្ទះចន្លោះពី២ទៅ៥ខ្នងក្នុងមួយឆ្នាំ ជូនប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅក្នុងខេត្តសៀមរាប។ លោក សូត្រ សួរ បន្តថា អង្គការក្តីសង្ឃឹមថ្មី ក្រៅពីផ្តល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត ក៏បានផ្តល់អាហាររូបករណ៍សិក្សាលើជំនាញបដិសណ្ឋារកិច្ច ផ្នែកសណ្ឋាគារ ទេសចរណ៍ និងមគ្គុទេសចរ ជូនកុមារក្រីក្រជាង ៥០០នាក់ ។
សមិទ្ធផលថ្ងៃនេះ គឺជាការបង្ហាញពីការចូលរួមរបស់អង្គការជាដៃគូរ ជាមួយនឹងរាជរដ្ឋាភិបាលក្នុង ការស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រមទាំងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅ ពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់អភិវឌ្ឍធម្មជាតិរុនតាឯកនេះ។ ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមក្នុងកម្មវិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ចំនួន១ខ្នងបន្ថែមទៀត ជូនចំពោះក្រុមគ្រួសារលោក ភិន សុខហេ ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរមករស់នៅ ក្នុងក្រុងរុនតាឯកតេជោសែន ។
លោក ភិន សុខហេ និងអ្នកស្រី ណាត ស្រីមុំ ដែលភរិយា មានកូនៗក្នុងបន្ទុក៣នាក់ បានថ្លែងអំណរគុណដល់អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា បានផ្តល់គេហដ្ឋាន១ខ្នងជូនលោក និងក្រុមគ្រួសារ ជួយសម្រាលបន្ទុកមួយចំណែកធំផ្តល់នូវទីជម្រកដ៏សមរម្យមួយសម្រាប់ក្មេងៗ និងផ្តល់នូវភាពសុខដុមរម្យនាក្នុងជីវភាពរស់នៅ។
សូមបញ្ជាក់ថា ផ្ទះដែលប្រគល់ផ្ទះនេះ ត្រូវបានសាងសង់ឡើងតាមរចនាបទផ្ទះខ្មែរ ធ្វើអំពីឈើ (ប្រើប្រភេទឈើមិនជ្រាបទឹក) ប្រក់ស័ក្កសី និងអ៊ីសូឡង់(សម្ភារៈការពារកម្តៅថ្ងៃ) មានទទឹង ៥ម៉ែត្រ បណ្តោយ ៩ម៉ែត្រ កម្ពស់ ៤ម៉ែត្រកន្លះ មានបន្ទប់ទឹក១ និងមានបំពាក់បន្ថែមនូវប្រព័ន្ធភ្លើង ម៉ូទ័របូមទឹក១ ស៊ីទែនទឹក១ចំណុះ១០០០លីត្រ និងបន្ទប់ទឹក១ផងដែរ។ ក្រៅពីនេះ អង្គការបានផ្តល់ជូននូវសម្ភារៈ ផ្ទះបាយ សម្ភារៈក្នុងបន្ទប់គេង និងគ្រឿងសម្ភារៈបរិក្ខារមួយចំនួនទៀត ដើម្បីធានាការរស់នៅប្រចាំថ្ងៃ។ សរុបថវិកាអស់ចំនួន ៩,៥០០ ដុល្លារអាមេរិក៕
អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ