ទូតអ៊ីស្រាអែលចាត់ទុកអង្គការសហប្រជាជាតិជាស្ថាប័នក្បត់
បរទេស៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់អង្គការសហប្រជាជាតិថា បានធ្វើឱ្យប្រទេសជាតិរបស់ខ្លួន រងការរិះគន់ដោយអយុត្តិធម៌ និងមិនសមាមាត្រ ចាប់តាំងពីការវាយលុក កាលពីថ្ងៃទី ៧ ខែតុលា ជាហេតុនាំឱ្យអ៊ីស្រាអែលត្រូវបានស្ថាប័នពិភពលោកមួយនេះក្បត់។
ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោក Daniel Meron បានចោទប្រកាន់ស្ថាប័នជាច្រើនរបស់អង្គការសហប្រជាជាតិថា មានភាពលម្អៀងប្រឆាំងនឹងប្រទេសរបស់លោក។ «យើងមានអារម្មណ៍ថា UN បានក្បត់អ៊ីស្រាអែល» ជាការលើកឡើង ខណៈដែលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងក្រុមហេសបូឡា នៅលីបង់ បានបង្កើនការភ័យខ្លាចនៃជម្លោះមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ។
តុលាការ, ក្រុមប្រឹក្សា, ទីភ្នាក់ងារ និងបុគ្គល ក្រោមឆ័ត្រអង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់កម្លាំងមិនសមាមាត្រ នៅក្នុងប្រតិបត្តិការសងសឹករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា រួមទាំងការចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «អំពើប្រល័យពូជសាសន៍»។
លោក Meron បាននិយាយថា «យើងបានខិតខំជាយូរណាស់មកហើយ ដើម្បីស្វែងរកវិធីធ្វើការជាមួយអង្គការសហប្រជាជាតិ ទោះបីជាមានការរិះគន់ជាបន្តបន្ទាប់ មកលើយើងក៏ដោយ»។ លោកបានមានប្រសាសន៍ថា «យើងចង់បន្ត ប៉ុន្តែឥឡូវនេះ យើងមិនមានការទុកចិត្តទៀតទេ ចំពោះអង្គការសហប្រជាជាតិ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត