ផ្ទាំងទស្សនីយភាពលោ្ខននិយាយរឿង “ផ្កាស្រពោន” នឹងសម្ដែងនៅខេត្តសៀមរាបចុងសប្ដាហ៍នេះ
ភ្នំពេញ៖ មន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបានឱ្យដឹងថា ដោយមានការសហការពីនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាបនឹងរៀបចំទស្សនីយភាពខ្មែរទម្រង់សិល្បៈល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលនឹងសម្ដែងជូននាថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង៥ល្ងាចតទៅនៅផ្សារហេរីថេកវ៉ក ក្រុងសៀមរាប ។សាធារណជនទូទៅអាចចូលទស្សនាដោយសេរី។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាបបានឱ្យដឹងកាលពីថ្ងៃទី២៥ ខែកញ្ញា ថា តាមរយៈផ្ទាំងទស្សនីយភាពល្ខោននិយាយរឿង “ផ្កាស្រពោន” ដែលនឹងសម្ដែងជូនសាធារណជនទស្សនា នាចុងខែកញ្ញា នឹងធ្វើឱ្យសាធារណជនទូទៅ ពិសេសយុវជនជំនាន់ក្រោយ បានស្គាល់ការតែច្បាស់ពីសិល្បៈមួយនេះ ដែលជាសិល្បៈមួយកំពុងប្រឈមនឹងការបាត់បង់ ព្រោះមិនសូវមានក្រុមសម្ដែង និងមិនសូវមានអ្នកគាំទ្រ។
លោកបន្តថា ដើម្បីការជំរុញ និងផ្សព្វផ្សាយពីសិល្បៈខ្មែរមួយនេះ មន្ទីរវប្បធម៌ខេត្តសៀមរាប បានសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប នឹងរៀបចំទស្សនីយភាពខ្មែរទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្ដែងជូននាថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង៥ល្ងាចតទៅ នៅផ្សារហេរីថេកវ៉ក ក្រុងសៀមរាប ជាមួយនឹងការទស្សនាដោយសេរី។
លោកប្រធានមន្ទីររំពឹងថា ផ្ទាំងទស្សនីយភាពមួយនេះ នឹងធ្វើឱ្យសាធារណជនទូទៅស្គាល់កាន់តែច្បាស់ពីសិល្បៈខ្មែរមួយនេះ ហើយបើសិនជាការសម្ដែងលើកនេះទទួលបានជោគជ័យ មន្ទីរនឹងបន្តរៀបចំផ្ទាំងទស្សនីយភាពមួយនេះបន្តទៀត ជាពិសេសនោះគឺការត្រៀមបង្កើតនូវសាច់រឿងផ្សេងៗ នឹងដាក់ជាផែនការនៃផ្ទាំងទស្សនីយភាពប្រចាំឆ្នាំផងដែរ។
ទន្ទឹមនេះលោកប្រធានមន្ទីរក៏បានអំពាវនាវដល់សាធារណជនទូទៅសូមចូលរួមគាំទ្រ និងផ្សព្វផ្សាយពីសិល្បៈល្ខោននិយាយខ្មែរឱ្យបានផុសផុល ព្រោះវាជាចំណែកមួយក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរដែលមានតាំងពីដូនតា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមសិល្បករយើងដែលមានឆន្ទៈខ្ពស់ក្នុងការខិតខំហ្វឹកហាត់ និងជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ បានស្វែងយល់ពីវប្បធម៌ខ្មែរថែមទៀតផង៕
ដោយ៖ម៉ាដេប៉ូ