ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់លើអប់រំបណ្តុះបណ្តាល នគរបាលជាតិជាប់ជាប្រចាំ ដោយផ្តោតលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាព វិជ្ជាជីវៈ
កណ្ដាល៖ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំង នគរបាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ដល់នគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាព ប្រើប្រាស់កងកម្លាំង ។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចំនួន៣ រួមមាន វគ្គបណ្តុះបណ្តាលជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ, វគ្គ បណ្តុះបណ្តាលជំនាញបច្ចេកទេសអក្សរសម្ងាត់ថ្នាក់បឋម និងវគ្គបណ្តុះបណ្តាលជំនាញចរាចរណ៍ផ្លូវគោក ដោយមានសិក្ខាកាមចំនួន ២៧៦នាក់ នារី ២៨នាក់ សិក្សារយៈពេល ៣ខែ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដែលបានបំពេញតួនាទីភារកិច្ចដោយ ការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាលតាមកម្មវិធី រហូតទទួលបាន លទ្ធផលជោគជ័យឆ្លើយតបទៅ នឹងតម្រូវការ នៃផែនការ បណ្តុះបណ្តាលរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងយុគសម័យនៃសន្តិភាព ដែលប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការ នៃការបណ្តុះបណ្តាល ប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញ និងលើកកម្ពស់ ការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ កងកម្លាំងនគរបាលជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ដល់សិក្ខាកាម ដែលបានចូលរួមដោយស្ម័គ្រចិត្ត ជាថវិកា និងសម្ភារៈ ដើម្បីចូលរួមអភិវឌ្ឍសាលា និងបានកោតសរសើរ ដល់សិក្ខាកាមជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា ទទួលបានជោគជ័យ ព្រមទាំងផ្តាំផ្ញើឱ្យសិក្ខាកាម យកចំណេះដឹង និងជំនាញ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ ដល់អង្គភាព និងសង្គមជាតិ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានផ្តល់កិត្តិយសប្រគល់ វិញ្ញាបនបត្រសិក្សា ដល់តំណាងសិក្ខាកាមជ័យលាភីចំនួន ២៥នាក់ ផងដែរ ៕
ដោយ ៖ វណ្ណលុក