នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង ៣,៥០០នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីទាំងអស់ ទទួលបានជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុប ៣.៥៣០នាក់ នារី ១.៨២២ នាក់ ។
យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ បានបង្ហាញថា ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រ នាពេលនេះ និស្សិតប្រមាណ ៩២,៧៨% មានការងារធ្វើ ក្នុងនោះ និស្សិតថ្នាក់ បរិញ្ញាបត្រ មាន ៩១,៩១% និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៩៧,១១% ។
សូមជម្រាបថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បាន ឲនិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យ ការ អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សា ជាស្ថាពរសរុប ៧០.៣៣៦នាក់ (នារី២៨.២៧១នាក់ ត្រូវជា ៤០,១៩ភាគរយ) ក្នុងនោះ និស្សិតបរទេសមានចំនួន ២៤៨នាក់ (នារី ១១០នាក់ ត្រូវជា ៤៤,៣៥ភាគរយ) ។
និស្សិតជ័យលាភីទាំងនោះ កំពុងបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋ វិស័យ ឯកជន អង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ