នាយករដ្ឋមន្ត្រី លើកទឹកចិត្តលើការស្រាវជ្រាវឱ្យបានទូលំទូលាយ តាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តី ដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យអប់រំកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល លើកទឹកចិត្តលើការស្រាវជ្រាវឱ្យបានទូលំទូលាយ ជាពិសេស តាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តី ដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យអប់រំកម្ពុជា នៅលើឆាកអន្តរជាតិផង និងដើម្បីជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំ គោលនយោបាយសង្គមសេដ្ឋកិច្ចផង ។
នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តឱ្យក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជន បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ ក្នុងន័យអភិវឌ្ឍន៍ និងធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញ ដែលជាតម្រូវការក្នុងទីផ្សារការងារ និងទិសដៅនៃការអភិវឌ្ឍប្រទេស រួមទាំងផ្នែកបច្ចេកវិទ្យា និង ឌីជីថល ដើម្បីបង្កើនភាពប្រកួតប្រជែងកម្ពុជា ។
សម្តេចធិបតី ក៏បានថ្លែងណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់ ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និង នវានុវត្តន៍ ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នក ស្រាវជ្រាវ និងជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តជាក់ស្តែង ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ