ជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ ផ្តល់ឱកាសឱ្យសិស្ស និស្សិត ទទួលបានជោគជ័យក្នុងការអប់រំ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ផ្តល់ឱកាសឱ្យសិស្ស និស្សិត ទទួលបានជោគជ័យក្នុងការអប់រំ ខណៈកត្តាសន្តិភាព ស្ថិរភាពនយោបាយ ជាកត្តាសំខាន់ជាងគេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានមានប្រសាសន៍ថា ក្រៅពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលផ្តល់ឱកាសដល់ការអភិវឌ្ឍនោះ ក៏មានផងដែរ គឺកត្តាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដែលធ្វើឱ្យពួកគេមានលទ្ធភាពចូលសិក្សា នៅថ្នាក់ឧត្តមសិក្សា ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បានបើកចំហឱកាសចូលរួមអភិវឌ្ឍវិស័យអប់រំ ពីសំណាក់ដៃគូឯកជន និងបរទេសបន្ថែមទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋ មានលទ្ធភាពយ៉ាងទូលាយ ក្នុងការទទួលបានការអប់រំ ។
ទន្ទឹមនេះ សម្តេចធិបតី បានលើកឡើងដែរថា មូលដ្ឋាននៃចំណេះដឹង មានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ប្រទេសជាតិយើង ដែលអាចឱ្យយើងចេះបត់បែន មានភាពធន់ និងមានការប្រកួតប្រជែង។ មូលដ្ឋាននៃចំណេះដឹង នឹងធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ អាចសម្របខ្លួនទប់ទល់នឹងវិបត្តិផ្សេងៗបាន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា នៅពេលដែលមនុស្សមានចំណេះដឹង និងកម្រិតវប្បធម៌កាន់តែខ្ពស់ ធ្វើឱ្យពួកគេ មានការយល់ដឹងកាន់តែទូលំទូលាយ ដែលអាចបត់បែនបានតាមស្ថានភាពប្រែប្រួល នៃសង្គម និងពិភពលោក ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ទៅលើគោលនយោបាយអាទិភាពមួយចំនួនពាក់ព័ន្ធនឹងធនធានមនុស្ស ដូចជា៖ ទី១-មនុស្សដែលមានសុខភាពល្អ, ទី២-មនុស្សដែលមានសមត្ថភាព និងទី៣-ការផ្តល់ឱកាសតាមរយៈការជំរុញនិងបង្កើនការងារជូនប្រជាពលរដ្ឋ (ការទាក់ម៉ូយ) ។
សម្តេច បន្តថា ប្រសិទ្ធភាពស្ថាប័នគឺអាស្រ័យទៅលើការពង្រឹងធនធានមនុស្ស ដែលផ្តោតលើសុខភាពនិងសមត្ថភាពជាចម្បង ជាពិសេសការរៀបចំជ្រើសរើសមន្ត្រីដំបូង និងបំពាក់បំប៉នមន្រ្តីដែលមានស្រាប់ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ