ជំហររបស់កម្ពុជា គឺការបន្តកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា និងយន្តការអាស៊ាន
ទីក្រុងញូវយ៉ក៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ជូលី ប៊ីសប ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនអំពីបទពិសោធន៍របស់កម្ពុជា ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកការផ្សះផ្សារជាតិ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា ដោយជំហររបស់កម្ពុជា គឺការបន្តកិច្ចពិភាក្សា ជាមួយមីយ៉ាន់ម៉ា និងយន្តការអាស៊ាន រួមមាន៖ ប្រេសិតពិសេសអាស៊ាន, ត្រយកា (Troika), និង ត្រយកាពង្រីក (expanded Troika) ។
លោកជំទាវ ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានចែករំលែកបទពិសោធន៍ និងជំហររបស់កម្ពុជា ក៏ដូចជាការចូលរួមយ៉ាងសកម្ម របស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ។
ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការតែងតាំងលោកជំទាវ ជូលី ប៊ីសប ជាប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ាផងដែរ ៕
ដោយ ៖ សួង ពិសិដ្ឋ