រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលើកឡើងពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលជាឆ្អឹងខ្នងនៃសណ្តាប់ធ្នាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពិភពលោក។ ការលើកឡើងនេះ ក្នុងចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត ក្រោមប្រធានបទ «ដំណោះស្រាយពហុភាគី សម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ» នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយ ឯកឧត្តម Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩។ ឯកឧត្តម António Guterres អគ្គលេខាធិការអ.ស.ប. ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន១៨៧ បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់យន្តការការទូត និងការសម្រុះសម្រួលគ្នាក្នុង ការដោះស្រាយជម្លោះ ព្រមទាំងបានលើកឡើងអំពីការរួមចំណែករបស់កម្ពុជាក្នុងការបញ្ជូនកង កម្លាំងជាបុរសនិងស្ត្រីជាង ៩.០០០នាក់ ដើម្បីគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គិតចាប់តាំងពីឆ្នាំ២០០៦មក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ដោយសារការរក្សាបាននូវសន្តិភាព កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្រេចបានដ៏ល្អបំផុត លើគោលដៅនៃការអភិវឌ្ឍប្រកបដោយ ចីរភាព ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ការផ្តល់ការអប់រំ និងការថែទាំសុខភាពប្រកបដោយ គុណភាព ការបង្កើតការងារ ការជំរុញកំណើន និងដំណោះស្រាយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាថា ការរីកសាយនៃវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយលើកកម្ពស់ការអភិវឌ្ឍ មនុស្សជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើទំនួលខុស ត្រូវរួមគ្នា ក្នុងការការពារសេចក្តីត្រូវការនិងផលប្រយោជន៍របស់យុវជន និងមនុស្សជំនាន់ក្រោយ ព្រមទាំងសារសំខាន់នៃភាពជាដៃគូអន្តរជំនាន់ ស្របតាមសេចក្តីប្រកាសសម្រាប់មនុស្សជំនាន់ក្រោយ។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំនឿចិត្តថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងបង្កើតឱ្យមានកំណែទម្រង់ចាំបាច់ និងការកែតម្រូវនានាសម្រាប់ប្រព័ន្ធពហុភាគីដ៏រឹងមាំ ដែលរួម បញ្ចូលទាំងអភិបាលកិច្ចប្រកបដោយបរិយាបន្ន សមភាពនៃបច្ចេកវិទ្យា និងលទ្ធភាពទទួលបាន ហិរញ្ញវត្ថុដែលមានយុត្តិធម៌សម្រាប់ការអភិវឌ្ឍ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថា កិច្ចប្រជុំកំពូលស្តីពីអនាគត គួរតែត្រូវបានគេចងចាំថា ជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner