ឯកឧត្ដម ឃួង ស្រេង ៖ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងបុណ្យកឋិនទាននេះ ពិសេសជួយមើលថែទ្រព្យសម្បត្តិជូនពួកគាត់ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ។
ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានី,មេបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត ។
ឯកឧត្ដម ឃួង ស្រេង លើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពួកគាត់ភាគច្រើន ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ ដែលយើងត្រូវមើលថែទ្រព្យសម្បត្តិជំនួសពួកគាត់ ។
ជាមួយគ្នានេះដែរពាក់ព័ន្ធជនអន្តោប្រវេសន៍ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់យកចិត្តទុកដាក់លើការគ្រប់គ្រងជនឥន្តោប្រវេសន៍ឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងនាមយើងជាម្ចាស់ប្រទេស បើជនបរទេសណាប្រព្រឹត្តអំពើខុសច្បាប់ ត្រូវតែបណ្តេញចេញពីប្រទេសកម្ពុជា ដោយមិនមានការរើសអើងថា ជាជនជាតិណាឡើយ ។
ឯកឧត្ដម ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ សំរាប់បុណ្យភ្ជុំបិណ្ឌនិងបុណ្យកឋិនទាននេះ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងជាង ២០០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យជាតិនេះ ក្នុងនោះមានទាំងការដាក់កម្លាំងនៅតាមវត្តទាំង ១៥០វត្ត ដោយសហការជាមួយប្រជាការពារ។ ដាក់កម្លាំងចំនួន ៤៦គោលដៅ ដើម្បីល្បាតពួនស្ទាក់ សម្រួលចរាចរណ៍ ជាមួយនិងការ បង្ការទប់ស្កាត់គ្រោះអគ្គិភ័យជាដើម ។
ជុំវិញការសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ពីណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីក៏បានណែនាំអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបើកកិច្ចប្រជុំនៅតាមបណ្តាខណ្ឌទាំងអស់ដើម្បីឱ្យមន្ត្រីរបស់យើងបានយល់ច្បាស់ពីរការសម្រេចនេះ ហើយបន្តយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់ពីការដកខ្លួនចេញពី (CLV-DTA) នេះអោយបានច្បាស់ ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលយើងបានដកខ្លួនចេញពី (CLV-DTA)មែន តែរាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ដោយខ្លួនឯង ដើម្បីភាពរីកចម្រើនរបស់ប្រជាពលរដ្ឋនៅតាមបណ្តោខេត្តជាប់ព្រំដែន ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល មិនធ្លាប់មានកំហុសឆ្គងម្តងណាឡើយ ក្នុងរយៈពេល ៤៥ឆ្នាំត្រូវពន្យល់ប្រជាពលរដ្ឋអោយបានយល់និងជឿទុកចិត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ