សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់និស្សិត ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ
(ភ្នំពេញ)៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៏កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងណែនាំដល់និស្សិត ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ ។
ថ្លែងក្នុងពិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍មួយចំនួនជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយបានបញ្ជាក់ថា ការទទួលបានសញ្ញាបត្រនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ជីវិត និងការសិក្សារបស់និស្សិតគ្រប់គ្នា។ ដូច្នេះនិស្សិតគ្រប់គ្នា ត្រូវបន្តសិក្សារៀនសូត្របន្ថែម នៅកម្រិតខ្ពស់ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត។ ជាបទពិសោធន៍របស់សម្ដេច រៀនគ្រប់ទីកន្លែង រៀនពីគ្រប់គ្នា ហើយកុំភ្លេចរៀនពីខ្លួនឯងផង ខ្លួនឯងជាគ្រូរបស់ខ្លួនឯង ។
សម្ដេចធិបតី ថ្លែងបញ្ជាក់ថា មុននឹងខ្ញុំ ឡើងតួនាទីនេះ ខ្ញុំជា អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទផង ពីអគ្គមេបញ្ជាការរងកងទ័ពជើងគោកផង ពីកូនរបស់ឪពុក ពីកូនរបស់ម្ដាយ អីចឹង អ្វីដែលគាត់ណែនាំអប់រំ យើងតែងតែរកវិធីថា កុំឱ្យខុសដដែលទៀត ពេលខ្លះ ត្រូវអង្គុយសិក្សាមើលខ្លួនឯង កុំឱ្យដូចទឹកកក ។ ទឹកកកហ្នឹងថ្កល់ អត់រីកទេ យូរៗទៅ ត្រូវថ្ងៃរលាយអស់ ។ យ៉ាងណាមិញ សមត្ថភាព ចំណេះដឹងក៏ដូចគ្នា មិនអាចទុកចោលនោះទេ ត្រូវតែពង្រីកបន្ថែម ។
សម្ដេចនាយករដ្ឋមន្ត្រី បានដំបូន្មានមួយទៀតថា កាលនៅរៀន គឺរៀនឱ្យបានពិន្ទុ១០០ភាគរយ តែនៅពេលចេញធ្វើការ ត្រូវធ្វើឱ្យបាន ១២០ភាគរយ ទើបជោគជ័យ គឺត្រូវមានគំនិតច្នៃប្រឌិតធ្វើឱ្យល្អបន្ថែមលើសពីការរំពឹងទុក បន្ថែមការស្រាវជ្រាវ បង្កើតវិធីសាស្ត្រ ឬក៏របៀបរបបឱ្យកាន់តែរីកចម្រើន នោះហើយជាលទ្ធផល ១២០ភាគរយ ។
សម្តេច ថា ជ័យលាភីទាំងអស់ ត្រូវតែបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ សំដៅរួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
សម្ដេចប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា ជ័យលាភី នឹងយកចំណេះដឹង ដែលបានពីការសិក្សា ទៅអនុវត្តក្នុងគោលដៅបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ទៅតាមសេចក្ដីត្រូវការជាក់ស្ដែង ក្នុងវិស័យនីមួយៗ ទោះបីក្នុងស្ថាប័នរដ្ឋ ឬក្នុងស្ថាប័នឯកជន ឬអង្គការជាតិ/អន្តរជាតិ ។ ចំណេះដឹង ដែលទទួលបានពីការសិក្សា ចាំបាច់ត្រូវគួបផ្សំជាមួយបទពិសោធន៍ រួមនឹងគំនិតច្នៃប្រឌិតនានា ស្របតាមកាលៈទេសៈជាក់ស្ដែងក្នុងការងារទាំងនោះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ