លទ្ធផលនៃដំណើរបំពេញបេសកកម្មការងារ របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីអនាគត នៅទីក្រុងញូវយ៉ក
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត ក្រោមប្រធានបទ «ដំណោះស្រាយពហុភាគី សម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ» នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយ ឯកឧត្តម Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩។ ឯកឧត្តម António Guterres អគ្គលេខាធិការអ.ស.ប. ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់នៃប្រទេសចំនួន ១៨៧ បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំកំពូលនេះ។
កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងពហុភាគីនិយមសម្រាប់ការថែរក្សា សន្តិភាព និងសន្តិសុខអន្តរជាតិ និងការសម្រេចបាននូវរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។ កិច្ចប្រជុំបានឯកភាពលើភាពចាំបាច់ក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហ ប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែល ក្នុងនោះការកែទម្រង់ចាំបាច់នានានឹងជួយធ្វើឱ្យឆ្លើយតបចំគោលដៅ និងមានប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហាប្រឈមជាសកលជាច្រើននាពេលបច្ចុប្បន្ន ដើម្បីធានាឱ្យពិភពលោកកាន់តែមាន សន្តិភាព សុខដុមរមនា និងវិបុលភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
កិច្ចប្រជុំបាន ពិភាក្សានិងបញ្ជាក់ការប្តេជ្ញាចិត្តចំពោះសកម្មភាពមួយចំនួនដើម្បីរក្សាសន្តិភាព និងសន្តិសុខសកល លោក ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ វិសមភាព និងធានាថា ការរីកចម្រើននៃបច្ចេកវិទ្យានឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការអភិវឌ្ឍ មនុស្សជាតិ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងស្តីពីអនាគត ដែលត្រូវបានអនុម័តជាឯកសារផ្លូវការ នៃកិច្ចប្រជុំ។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងពីភាពចាំបាច់ក្នុង ការប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលជាឆ្អឹង ខ្នងនៃសណ្តាប់ធ្នាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋម បានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្តល់អាទិភាពដល់យន្តការការទូត និងការសម្រុះសម្រួលគ្នាក្ខ ការដោះស្រាយជម្លោះ ព្រមទាំងបានលើកឡើងអំពីការរួមចំណែករបស់កម្ពុជាក្នុងការបញ្ជូនកង កម្លាំងជាបុរសនិងស្ត្រីជាង ៩.០០០នាក់ ដើម្បីគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ គិតចាប់តាំងពីឆ្នាំ២០០៦មក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ ថា ដោយសារការរក្សាបាននូវសន្តិភាព កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្លាយជា ប្រទេសមួយក្នុងចំណោមប្រទេសដែលសម្រេចបានដ៏ល្អបំផុត លើគោលដៅនៃការអភិវឌ្ឍប្រកបដោយ ចីរភាព ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ការផ្តល់ការអប់រំ និងការថែទាំសុខភាពប្រកបដោយ គុណភាព ការបង្កើតការងារ ការជំរុញកំណើន និងដំណោះស្រាយការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាថា ការរីកសាយនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹង ជួយលើកកម្ពស់ការអភិវឌ្ឍ មនុស្សជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើទំនួលខុស ត្រូវរួមគ្នា ក្នុងការការពារសេចក្តីត្រូវការនិងផលប្រយោជន៍របស់យុវជន និងមនុស្សជំនាន់ក្រោយ ព្រមទាំងសារសំខាន់នៃភាពជាដៃគូអន្តរជំនាន់ ស្របតាមសេចក្តីប្រកាសសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំនឿចិត្តថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងបង្កើតឱ្យមានកំណែទម្រង់ចាំបាច់ និងការកែតម្រូវនានាសម្រាប់ប្រព័ន្ធពហុភាគីដ៏រឹងមាំ ដែលរួម បញ្ចូលទាំងអភិបាលកិច្ចប្រកបដោយបរិយាបន្ន សមភាពនៃបច្ចេកវិទ្យា និងលទ្ធភាពទទួលបាន ហិរញ្ញវត្ថុដែលមានយុត្តិធម៌សម្រាប់ការអភិវឌ្ឍ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថា កិច្ចប្រជុំកំពូលស្តីពីអនាគត គួរតែត្រូវបានគេចងចាំថា ជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងកិច្ច សហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ ៖ សួង ពិសិដ្ឋ